×

លោក Mauricio Pochettino ក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិកជាផ្លូវការ

លោក Mauricio Pochettino បានក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកជាផ្លូវការ ដើម្បីដឹកនាំក្រុមនេះ រហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលអាមេរិកធ្វើជាសហម្ចាស់ផ្ទះជាមួយ កាណាដា និង ម៉ិកស៊ិក។

បុរសជនជាតិអាហ្សង់ទីន មិនមានការងារដឹកនាំក្រុមណាមួយទេ ចាប់តាំងពីចែកផ្លូវជាមួយ Chelsea កាលពីខែឧសភា បន្ទាប់ពីដឹកនាំបានមួយរដូវកាលប៉ុណ្ណោះ។

ក្រុមបាល់ទាត់បុរសអាមេរិក មិនមានគ្រូបង្វឹកអចិន្ត្រៃយ៍ចាប់តាំងពីលោក Gregg Berhalter ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី១០ខែកក្កដា ក្រោយទទួលលទ្ធផលមិនល្អក្នុងព្រឹត្តិការណ៍ Copa America 2024 ។

ជុំវិញការកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិកនេះ វ័យ៥២ឆ្នាំ បានអោយដឹងថា “នេះជាឱកាសដ៏ល្អដែលខ្ញុំមិនអាចរំលង។ ការសម្រេចចិត្តចូលរួម ក្រុមអាមេរិក មិនមែនគ្រាន់តែជាកីឡាបាល់ទាត់សម្រាប់ខ្ញុំប៉ុណ្ណោះទេ។ វានិយាយអំពីដំណើរដែលក្រុម និងប្រទេស កំពុងធ្វើដំណើរនៅក្នុងកីឡាប្រភេទនេះ។”

អតីតគ្រូបង្វឹក Tottenham Hotspur និង Paris Saint-Germain លោក Pochettino បានចូលរួមជាមួយ Chelsea នៅមុនយុទ្ធនាការឆ្នាំ ២០២៣-២៤ ដោយចូលទៅជំនួសដំណែងគ្រូបង្វឹកបណ្តោះអាសន្ន លោក Frank Lampard ខណៈដែលម្ចាស់ថ្មីរបស់ក្លិប Chelsea កំពុងសម្លឹងមើលការកែលម្អក្លិបឡើងវិញបន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១២ កាលពីរដូវកាល២០២២-២៣។ លោក Pochettino បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ អមដោយ ជម្រើសថែមមួយឆ្នាំបន្ថែមទៀត។

យ៉ាងណាក៏ដោយ លោក Pochettino បានសម្រេចចាកចេញពីក្លិបនាទីក្រុងឡុងដ៍ បន្ទាប់ពីភាពច្របូកច្របល់នៅក្នុងក្លិប ប៉ុន្តែលោកក៏បានដឹកនាំជួយក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ដើម្បីធានាបាននូវកៅអីទៅប្រកួតពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Conference League សម្រាប់រដូវកាលថ្មី ២០២៤-២៤ ផងដែរ។

សម្រាប់ការកាន់តំណែងរបស់លោក Mauricio Pochettino នេះដែរ មានន័យថា ក្រុមបាល់ទាត់អាមេរិក ទាំងផ្នែកបុរស និង ផ្នែកនារី សុទ្ធតែមានគ្រូបង្វឹកជាអតីតគ្រូបង្វឹកក្លិប Chelsea ដោយក្រុមនារីអាមេរិក បានដឹកនាំដោយអ្នកស្រី Emma Hayes ដែលបានចូលកាន់តំណែងកាលពីដើមឆ្នាំនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង