សារព័ត៌មាន BBC នៅអង់គ្លេស បានសម្រង់សម្តីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo អំពីការរិះគន់យ៉ាងខ្លាំងទៅកាន់គ្រូបង្វឹក លោក Erik Ten Hag និងថា ប្រសិនបើ Man UTD ចង់ប្រជែងពានរង្វាន់ធំៗ នោះត្រូវតែរៀបចំក្រុមឡើងវិញទាំងអស់។
លោក Erik Ten Hag បានរងសម្ពាធបន្ទាប់ពីរដូវកាលមុន Man UTD បញ្ចប់ត្រឹមលេខ៨ក្នុងតារាងក្របខណ្ឌ Premier League។ រដូវកាលថ្មី ២០២៤-២៥ នេះទៀតសោត ក្រុមបិសាចក្រហម បានចាប់ផ្ដើមធ្វើមិនសូវបានល្អទៀត ដោយឈ្នះតែ១ប្រកួតដំបូង និង ចាញ់២ប្រកួតជាប់ៗគ្នា។
ចំពោះ Cristiano Ronaldo ក៏ធ្លាប់បាននិយាយរួចហើយមុនពេលគេចាកចេញទៅកាន់ ក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ពីការរៀបចំក្រុមឡើងវិញ និងផ្ដល់ជាគំនិតទៅកាន់លោក Erik Ten Hag ផងដែរ ។ យ៉ាងណាមិញ គ្រូបង្វឹកជនជាតិហូឡង់បានបដិសេធយោបលរបស់ Ronaldo មុនពេលរូបគេសម្រេចចាកចេញ។
ទាក់ទិននឹងរឿងនេះ កីឡាករព័រទុយហ្កាល់ បាននិយាយថា “ លោក Erik Ten Hag ថា ក្រុមមិនអាចប្រជែងពាន Premier League និង UEFA Champions League បានទេ។ ជាគ្រូបង្វឹករបស់ Man UTD លោកមិនអាចនិយាយបែបនោះទេ លោកគួរតែនិយាយអ្វីដែលមានប្រយោជន៍ និងដាស់សតិកីឡាករអោយប្រឹងប្រែងលេង ទោះមាន ឬ គ្មានសង្ឃឹមក៏ដោយ។”
កីឡាករវ័យ៣៩ឆ្នាំបន្ថែមទៀតថា “ខ្ញុំស្រឡាញ់ក្លិប Man UTD ហើយក្លិបនេះ គឺជាក្លិបខ្លាំងបំផុតមួយ ខ្ញុំគិតថាពួកគេអាចធ្វើបាន។ ប៉ុន្តែអ្វីដែលពួកគេត្រូវធ្វើជាចម្បងបំផុតប្រសិនបើចង់ឈ្នះពានរង្វាន់ធំៗនោះ គឺក្លិបត្រូវតែរៀបចំក្រុមឡើងវិញទាំងអស់។”
សូមបញ្ជាក់ថា Cristiano Ronaldo ធ្លាប់លេងជាមួយ Man UTD ចំនួន២លើកគឺនៅក្នុងឆ្នាំ ២០០៣-២០០៩ និង ២០២១-២០២២ ដោយបានឈ្នះពាន Premier League ៣លើកឈ្នះ UEFA Champions League ១ដង FA Cup ១ដង និង EFL Cup ចំនួន២លើក និង FIFA Club World Cup ១ដងផងដែរ។
សម្រាប់ការចាកចេញរបស់ Cristiano Ronaldo ទៅកាន់ក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត កាលពីឆ្នាំ២០២៣ បានក្លាយជារឿងចម្រូងចម្រាសមួយ ដោយក្នុងនោះរូបគេបានបរិយាយថា រូបគេត្រូវបានក្បត់ និង រុញច្រានអោយចាកចេញ៕