ក្លិប Man UTD ត្រូវបានសារព័ត៌មាន BBC រាយការណ៍ពីការខាតបង់ចំណូលចំនួន ១១៣,២ លានផោន កាលពីរដូវកាល ២០២៣-២៤ ដោយគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា។
នេះជាការខាតបង់ចំណូលសាជាថ្មីរបស់ក្លិបរហស្សនាមបិសាចក្រហម ក្រោយពីពួកគេបានខាតបង់ចំនួន ២៨,៧ លានផោន កាលពីរដូវកាល ២០២២-២៣ និង ខាតបង់ចំនួន ១១៥,៥ លានផោន កាលពីរដូវកាល ២០២១-២២។ តួលេខចុងក្រោយរបស់ក្លិបគឺបានខាតបង់សរុបក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ មានចំនួនរហូតដល់ជាង ៣៧០ លានផោន។
បែបនេះក្តី Man UTD មិនត្រូវបានគេរំពឹងថានឹងបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ក្របខណ្ឌ Premier League ឡើយ ពីព្រោះការចំណាយទាំងអស់មិនខុសពីការគណនារបស់ពួកគេទេ ហើយក្លិបអាចទាមទារប្រាក់ឧបត្ថម្ភមកវិញផងដែរ ។
ក្រោមច្បាប់ Premier League ក្លិបនៅលីគកំពូលអង់គ្លេសទាំងអស់ មិនអាចខាតបង់លើសពី ១០៥ លានផោនក្នុងរយៈពេល ៣ ឆ្នាំទេ ហើយ Everton និង Nottingham Forest បានទទួលការកាត់ពិន្ទុដោយសារការបំពានច្បាប់នេះរួចមកហើយ។
កាលពីរដូវកាលមុន មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ទិញភាគហ៊ុន ២៧,៧ ភាគរយនៅក្នុងក្លិប ហើយបន្តពីនោះនៅខែកក្កដា Man UTD បានប្រកាសកាត់បន្ថយការងារចំនួន ២៥០កន្លែង ដែលជាផ្នែកមួយនៃការកាត់បន្ថយការចំណាយ ដោយ Man UTD បាននិយាយថា ពួកគេរំពឹងនឹងសន្សំបានចន្លោះពី ៣០ ទៅ ៣៥ លានផោនក្នុងរយៈពេល ២ ឆ្នាំចាប់ពីឆ្នាំ ២០២៥ ដោយការពិនិត្យមើលការចំណាយទូទាំងក្លិប។
ទន្ទឹមនឹងនេះ Man UTD ក៏អះអាងថា ពួកគេនឹងអាចរកប្រាក់ចំណូលបានចន្លោះពី ៦៥០ លានផោន ទៅ ៦៧០ លានផោននៅឆ្នាំក្រោយ ខណៈដែលប្រាក់ឈ្នួលបានកើនឡើង ១០ភាគរយ គិតជាចំនួនទឹកប្រាក់គឺប្រហែល ៣៦៤,៧ លានផោន។
ដោយឡែក Man UTD មានលទ្ធផលមិនសូវល្អទេក្នុងការប្រកួតដើមរដូវកាលក្របខណ្ឌ Premier League 2024-25 នេះ ដោយឈ្នះ ១ ដង ចាញ់២ដង ដែលធ្វើអោយពួកគេឈរលេខ១៤ ក្នុងតារាងពិន្ទុ មានតែ៣ពិន្ទុប៉ុណ្ណោះ។
សម្រាប់ការប្រកួត Premier League 2024-25 ជាបន្ត គឺ Man UTD នឹងត្រូវទៅជួប Southampton នៅចុងសប្តាហ៍នេះ៕