×

ប្រធានក្រុម Arsenal Martin Odegaard នឹងអវត្តមាន៣សប្តាហ៍ដោយសាររបួសកជើង

ប្រធានក្រុម Arsenal ខ្សែបម្រើ Martin Odegaard អាចនឹងអវត្តមាន៣សប្តាហ៍ដោយសាររបួសកជើង។ នេះបើតាមការផ្សព្វផ្សាយអោយដឹងពីសារព័ត៌មាន BBC។

កីឡាករវ័យ២៥ឆ្នាំ បានរងរបួសកជើងខាងឆ្វេង អំឡុងការប្រកួតដែលក្រុមបាល់ទាត់ជម្រើសជាតិន័រវេស ឈ្នះក្រុមជម្រើសជាតិអូទ្រីស ដោយលទ្ធផល ២-១ នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League។

Martin Odegaard ត្រូវបានប្តូរចេញ ក្រោយទទួលការព្យាបាលបឋមជាច្រើននាទីពីក្រុមសង្គ្រោះនៅលើទីលាននៅអំឡុងវគ្គទី២នៃការប្រកួតនោះ ក្រោយពីរូបគេបានប៉ះទង្គិចជាមួយកីឡាករក្រុមភ្ញៀវអូទ្រីស Christoph Baumgartner។

ទាក់ទិននឹងស្ថានភាពរបស់ Martin Odegaard ក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិន័រវេស អះអាងថា វាជារបួសដែលមានការឈឺចាប់ ប៉ុន្តែវាមិនមានការប្រះបែកឆ្អឹងនោះទេ។ យ៉ាងណា សាមីកីឡាករនឹងត្រូវទៅពិនិត្យ និង ព្យាបាលជាមួយក្លិប Arsenal បន្តទៀត តែរូបគេនឹងត្រូវការសម្រាកព្យាបាលរបួសយ៉ាងហោចណាស់៣សប្តាហ៍។

ជុំវិញរឿងនេះដែរ គ្រូបង្វឹក Arsenal លោក Mikel Arteta អះអាងថា ក្រុមគ្រូពេទ្យរបសក្លិបកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះការពិនិត្យ និង ការព្យាបាលរបួសរបស់កីឡាករ ហើយនឹងបន្តតាមដានការវិវឌ្ឈ យ៉ាងដិតដល់។

ប្រសិនបើ Martin Odegaard ត្រូវអវត្តមាន៣សប្តាហ៍មែន នោះរូបគេនឹងខកខានការប្រកួតដល់ទៅ៥ជាមួយក្រុម Arsenal ដែលរួមមាន ការប្រកួតនៅ Premier League ទល់នឹង Tottenham Hotspur និងការប្រកួតទល់នឹង Man City, ការប្រកួតពានរង្វាន់ EFL Cup ទល់នឹង Bolton Wanderers រួមនឹងការប្រកួត UEFA Champions League ២ប្រកួតទល់នឹង Atalanta និង Paris Saint-Germain ផងដែរ។

ក្រៅពី Martin Odegaard ហើយ ក្រុម Arsenal សម្រាប់ការប្រកួតក្របខណ្ឌ Premier League ចុងសប្តាហ៍នេះទល់នឹង Tottenham Hotspur ពួកគេក៏នឹងអាចអវត្តមានកីឡាករជាច្រើនរូបទៀតដែលមានដូចជា Declan Rice, Mikel Merino និង Riccardo Calafiori ផងដែរ។

ឆ្លងកាត់ការប្រកួត ៣សប្តាហ៍កន្លងមកនៅក្របខណ្ឌ Premier League 2024-25 ក្រុម Arsenal កំពុងឈរលេខ៤ ក្នុងតារាងពិន្ទុ ដោយមាន៧ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង