ខ្សែការពារ Nathan Ake អាចនឹងអវត្តមានការប្រកួតរបស់ Man City ជាច្រើនខែដោយសារបញ្ហារបួស។
កីឡាករវ័យ២៩ឆ្នាំ បានរងរបួសភ្លៅខាងឆ្វេង នៅអំឡុងការប្រកួតពានរង្វាន់ UEFA Nations League ដែលក្រុមជម្រើសជាតិហូឡង់ទទួលបានលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុមភ្ញៀវអាល្លឺម៉ង់។
Nathan Ake ត្រូវបានសែងចេញពីទីលានភ្លាមៗនៅអំឡុងការប្រកួតវគ្គទី១ ដោយរូបគេបានបង្ហាញពីអារម្មណ៏ឈឺចាប់យ៉ាងខ្លាំង។ ការពិត Ake បានព្យាយាមងើបឈរឡើងវិញក្រោយជួបញ្ហារបួសនេះ ប៉ុន្តែរូបគេធ្វើមិនបាន ដែលវាបានបញ្ជាក់ថារបួសគឺធ្ងន់ធ្ងរ ផ្អែកលើ ការបង្ហាញតាមកាយវិការរបស់សាមីកីឡាករ។
ទោះយ៉ាងណា គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Ronald Koeman យល់ថា របួសរបស់ Nathan Ake នោះអាចជារបួសសាច់ដុំភ្លៅ ប៉ុន្តែក៏រង់ចាំលទ្ធផលការត្រួតពិនិត្យពីក្រុមគ្រូពេទ្យផងដែរ។
ទោះយ៉ាងណា ប្រសិនបើរបួស មានភាពធ្ងន់ធ្ងរ នោះ Nathan Ake អាចនឹងអវត្តមានជាច្រើនខែ ដែលវានឹងធ្វើអោយមានផលប៉ះពាល់មួយចំណែកដ៏ធំនៅតំបន់ការពាររបស់ ក្រុម Man City ដែលនឹងមានការប្រកួតដ៏មមាញឹកក្រោយចប់ការសម្រាកអន្តរជាតិ។
ទន្ទឹមនឹងការព្រួយបារម្ភពីបញ្ហារបួសរបស់កីឡាករគ្រូបង្វឹក Man City លោក Pep Guardiola បានរំពឹងថា ស្ថានភាពរបស់ Nathan Ake នឹងមិនធ្ងន់ធ្ងរ ហើយរូបគេអាចនឹងមានភាពធូរស្រាល វិលត្រឡប់មកទីលានឆាប់ៗ។
គួរកត់សម្គាល់ថា Nathan Ake បានបង្ហាញខ្លួនចំនួន ៤៤ ដងសម្រាប់ Man City កាលពីរដូវកាលមុន ជាមួយភាពប៉ិនប្រសព្វ និងសមត្ថភាពលេង ធ្វើអោយអតីតកីឡាករ Bournemouth បានដើរតួនាទីសំខាន់សម្រាប់ការលេងជាមួយក្រុមជើងឯក Premier League ។
ដោយឡែក Man City ដែលបច្ចុប្បន្នកំពុងឈរកំពូលតារាងក្របខណ្ឌ Premier League 2024-25 ជាមួយ ៩ ពិន្ទុនៅក្នុងដៃ ក្រោយឆ្លងកាត់ការប្រកួត៣ប្រកួតមកនោះ នឹងចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសរបស់ពួកគេឡើងវិញ ដោយត្រូវបើកទ្វារកីឡដ្ឋាន Etihad ដើម្បីស្វាគមន៍ក្រុម Brentford នៅចុងសប្តាហ៍នេះ៕