×

ខ្សែបម្រើ Antony ប្តេជ្ញាបន្តលេងជាមួយ Man UTD ទោះមានការចាប់អារម្មណ៍ពី Fenerbahce

ខ្សែបម្រើ Antony បានអះអាងពីការប្តេជ្ញាចិត្តក្នុងការលេងជាមួយ Man UTD បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបទួរគី Fenerbahce ក៏ដោយ។

ជាការពិត ទោះទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌ Premier League បានបញ្ចប់ក៏ដោយ ប៉ុន្តែក្លិបនៅក្របខណ្ឌកំពូលទួរគី Süper Lig អាចចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលរហូតដល់ថ្ងៃសុក្រ ហើយក្លិប Fenerbahce ដែលដឹកនាំដោយលោក Jose Mourinho គឺចង់បាន Antony សម្រាប់មកពង្រឹងក្រុមបន្ថែម។

សម្រាប់សាមីកីឡាករ Antony ហាក់មានភាពស្ទាក់ស្ទើរក្នុងការផ្ទេរទៅកាន់ក្លិប Fenerbahce ហើយឆ្លើយតបនឹងការចង់បានខ្លួនបែបនេះ កីឡាករវ័យ២៤ឆ្នាំ ចង់បន្តនៅ Man UTD នឹងប្រយុទ្ធដើម្បីស្វែងកន្លែងលេងលើទីលាន។

កីឡាករដែលខកខានមិនបានជាប់ជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup រូបនេះនៅសល់កុងត្រា៣ឆ្នាំទៀតជាមួយ Man UTD បន្ទាប់ពីផ្ទេរតម្លៃកប់ពពករហូតដល់ទៅ៨២លានផោនពីក្លិបហូឡង់ Ajax កាលឆ្នាំ២០២២។

ទោះយ៉ាងណា សម្រាប់ការប្រកួតរដូវកាលថ្មី ២០២៤-២៥ នេះ Antony បានចូលលេងតែ១ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League អោយក្រុមបិសាចក្រហមក្នុង៣សប្ដាហ៍ចាប់ផ្ដើមរដូវកាលថ្មីមកនេះ។
ចំពោះ លោក Erik ten Hag ដែលជាគ្រូបង្វឹក Man UTD បច្ចុប្បន្នក៏កំពុងស្ទាក់ស្ទើរក្នុងការលក់ Antony ក៏ព្រោះតែរូបគេជាកីឡាករសំខាន់មួយរូបរបស់លោក មិនថានៅក្លិបចាស់ Ajax នៅក្លិប Man UTD នោះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង