សវនាកាពាក់ពន័្ធករណីបំពានច្បាប់ហិរញ្ញវត្ថុនៅក្របខណ្ឌ Premier League ចំនួន ១១៥ ករណីរបស់ក្លិប Man City បានចាប់ផ្តើមដំណើរការហើយ។
ជាការពិត ក្លិបរហស្សនាមមេឃខៀវ កាលពីខែកុម្ភៈឆ្នាំ ២០២៣ ត្រូវបានគណៈកម្មការឯករាជ្យមួយធ្វើការស៊ើបអង្កេតជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុនៅអំឡុងរដូវកាល ២០០៩-១០ ។ ក្លិបនេះត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់ ទាក់ទងនឹងការផ្តល់ព័ត៌មានហិរញ្ញវត្ថុមិន ត្រឹមត្រូវ។
Man City ក៏ត្រូវបានចោទប្រកាន់ពីបទមិនគោរពច្បាប់របស់ក្របខណ្ឌ Premier League ដែលតម្រូវអោយក្លិបគោរពតាមបទប្បញ្ញត្តិការលេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ Financial Fair Play របស់ស្ថាប័ន UEFA ពីរដូវកាល ២០១៣-១៤ ដល់រដូវកាល ២០១៧-១៨ និងការមិនអនុវត្តតាមច្បាប់របស់ក្របខណ្ឌ Premier League ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព PSR ចាប់ពីរដូវកាល ២០១៥-១៦ ដល់ ២០១៧-១៨។
ចាប់តាំងពីត្រូវបានទិញយកដោយក្រុមហ៊ុនសាជីវកម្មរបស់សហព័ន្ធអារ៉ាប់រួម Abu Dhabi United Group នៅឆ្នាំ ២០០៨មក Man City បានចំណាយយ៉ាងច្រើន ដើម្បីផ្លាស់ប្តូរក្លាយជាក្លិបបាល់ទាត់ខ្លាំងមួយនៅអង់គ្លេស។
យ៉ាងណា សម្រាប់ ក្លិប Man City ដែលបានឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកទី៤ជាប់ៗគ្នាជាប្រវត្តិសាស្ត្រនោះ បានចេញសេចក្តីថ្លែងការណ៍ថា ក្លិបមានការភ្ញាក់ផ្អើលចំពោះ ការចោទប្រកាន់ការរំលោភបំពាន ពីសំណាក់ក្របខណ្ឌ Premier League។
ទោះយ៉ាងណា ក្លិប Man City បានបដិសេធការចោទប្រកាន់ទាំងអស់នោះ និងអះអាងថា ពួកគេស្វាគមន៍ចំពោះការពិនិត្យឡើងវិញលើបញ្ហានេះដោយគណៈកម្មការឯករាជ្យ ដើម្បីពិចារណាអំពីការចោទប្រកាន់មកលើក្លិប។
សវនាការត្រូវបានគេរំពឹងថានឹងមានរយៈពេល ២ខែជាមួយនឹងសាលក្រមចុងក្រោយរួមទាំងការប្តឹងឧទ្ធរណ៍ណាមួយដែលអូសបន្លាយដល់ចុងបញ្ចប់នៃរដូវកាល ២០២៤-២៥ នេះ។
ប្រសិនបើរកឃើញថាមានកំហុស Man City អាចប្រឈមមុខនឹងការពិន័យដូចជាការកាត់ពិន្ទុ ឬការកាត់ចោលទៅលីគក្រោម ។ ក្លិប Everton និង Nottingham Forest បានទទួលរងពិន័យរួចមកហើយដោយសារការបំពានច្បាប់ PSR នេះ៕