គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou បានបង្ហាញភាពខកចិត្ត និងថា មកពីក្រុមរបស់ខ្លួនបាត់បង់ការផ្តោតអារម្មណ៍ក្នុងការលេង ទើបបណ្តាលអោយចាញ់ក្រុម Arsenal ក្នុងជំនួបក្របខណ្ឌ Premier League 2024-25 សប្តាហ៍ទី៤ កាលពីយប់មិញ។
ជាការពិត ការប្រកួត ដែលធ្វើឡើងនាកីឡដ្ឋាន Tottenham Hotspur Stadium ក្រុម Spur ដែលជាម្ចាស់ផ្ទះ បានលេងគ្របដណ្តប់លើដៃគូរបស់ខ្លួន ដោយមានឱកាសគ្រប់គ្រងបាល់ដល់ទៅ ៦៤ភាគរយ និងឱកាសស៊ុតបាល់ដល់ទៅ ១៥ ដង ស្របពេល ក្រុម Arsenal មានឱកាសស៊ុតបាល់តែ៧ដង។ យ៉ាងណា ការវាយសម្រុកដ៏ខ្លាំងក្លានៅវគ្គទី១ មិនបានធ្វើអោយក្រុមទាំងសងខាងអាចរកគ្រាប់បាល់ពីគ្នាបានទេ។
ចូលមកដល់វគ្គទី២ ក្រុម Spur នៅតែអាចវាយសម្រុកលើគូប្រកួតបានដដែល ប៉ុន្តែនាទី៦៤ Gabriel Magalhães បានតែតបញ្ចូលទី បាល់ជ្រុងដែលលើកដោយ Bukayo Saka ជួយអោយ ក្រុម Arsenal នាំមុខ១គ្រាប់មុន។ យ៉ាងណា ក្រុម Spur ប្រឹងប្រែងតាមរកគ្រាប់បាល់មកវិញ ប៉ុន្តែមិនបានផ្លែផ្កា។ លទ្ធផល Arsenal ១ Tottenham Hotspur ០ ក៏បន្តដល់ចប់ការប្រកួត។
ជាមួយនឹងលទ្ធផលបរាជ័យបែបនេះបានធ្វើអោយគ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou មានការខកចិត្ត ដ្បិតបានមើលឃើញថា ក្រុមរបស់ខ្លួនអាចគាបសង្កត់គូប្រកួតបានយ៉ាងល្អ ប៉ុន្តែបែរជាមិនអាចទទួលបានជោគជ័យទៅវិញ។
បុរសវ័យ ៥៩ ឆ្នាំ បាននិយាយក្រោយចប់ការប្រកួតដូច្នេះ “ខ្ញុំគិតថាវាជាការប្រកួតដ៏តឹងតែង មួយ តែយើងបានគ្រប់គ្រងទីលានបានភាគច្រើន ហើយចាប់ផ្តើមដំណើរការល្អ។ យើងមិនបានប្រើប្រាស់ឱកាសល្អៗនោះទេ ហើយយើងក៏មិនអាចឈានដល់ចំណុចកំពូលដែរ។”
លោក Ange Postecoglou បន្តថា “យើងបាត់បង់ការផ្តោតអារម្មណ៍ សម្រាប់ការស៊ុតបញ្ចូលទី។ សម្រាប់ផ្នែកដែលយើងធ្វើបានល្អនៅពេលនេះ គឺយើងបានគ្រប់គ្រងការប្រកួតបានច្រើន ប៉ុន្តែ យើងមិនបានប្រើប្រាស់ឱកាសល្អៗដើម្បីស៊ុតបញ្ចូលទី ដូចនេះការបរាជ័យគឺទណ្ឌកម្មរបស់យើង។”
ឆ្លងកាត់៤ប្រកួតកន្លងមក ក្នុងជំនួបក្របខណ្ឌ Premier League 2024-25 ក្រុម Tottenham Hotspur មានលទ្ធផល ឈ្នះ១ ស្មើ១ ចាញ់២ ដែលធ្វើអោយពួកគេឈរលេខ១៣ មាន៤ពិន្ទុ ខណៈ ក្រុម Arsenal មានលទ្ធផល ឈ្នះ៣ ស្មើ១ ដែលធ្វើអោយពួកគេមាន១០ពិន្ទុ ឈរលេខ២ តិចជាងក្រុមកំពូលតារាង Man City ចំនួន២ពិន្ទុ៕