គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថាស្ថានភាពកុងត្រារបស់កីឡាករសំខាន់ចំនួន៣រូបដែលមាន ខ្សែប្រយុទ្ធ Mohammad Salah ខ្សែការពារ Virgil Van Dijk និង Trent Alexander Arnold គឺមិនមានបញ្ហានោះទេ។
កុងត្រារបស់ Salah , Van Dijk និង Arnold សុទ្ធតែស្ថិតនៅក្នុងឆ្នាំចុងក្រោយរបស់ខ្លួន ដោយសល់ត្រឹមរយៈពេល១២ខែទៀត។ យ៉ាងណា មកដល់ពេលនេះ មិនទាន់មានការអះអាងពីការចរចាកុងត្រាថ្មីរបស់ Liverpool ជាមួយកីឡាករទាំង៣នៅឡើយទេ។ ដូច្នេះ នៅទីផ្សារដោះដូរខែមករាខាងមុខ កីឡាករសំខាន់ទាំង៣មានសិទ្ធិចរចា និងចុះកុងត្រាទៅចូលរួមជាមួយក្លិបដទៃ នៅពេលកុងត្រានៅ Liverpool បានបញ្ចប់។
នៅពេលត្រូវបានសួរនាំអំពីរឿងតកុងត្រារបស់កីឡាករទាំង៣ គ្រូបង្វឹក Liverpool លោក Slot បានលើកឡើងថា មិនមានអ្នកណាអាចអោយចម្លើយច្បាស់លាស់នឹងសំណួរនេះទេ ប៉ុន្តែលោកអាចធានាថា ស្ថានភាពកុងត្រារបស់កីឡាករសំខាន់ចំនួន៣រូប នឹងមិនមានបញ្ហាទេ។
គ្រូបង្វឹកជនជាតិហូឡង់បានអោយដឹងដូច្នេះ “ខ្ញុំមិនទាន់អាចអោយចម្លើយច្បាស់លាស់នឹងសំណួរនេះទេ ប៉ុន្តែស្ថានភាពរបស់កីឡាករទាំង៣ មិនមានបញ្ហានោះទេ។ ពួកគេនៅតែជាផ្នែកមួយរបស់ក្រុម ហើយយើងមានភារកិច្ចធ្វើអោយក្រុមមានភាពរឹងមាំឡើងវិញ។”
ទាំង Salah, Van Dijk និង Arnold សុទ្ធតែជាកីឡាករដែលរួមចំណែកយ៉ាងសំខាន់ដល់ទម្រង់លេងរបស់ Liverpool និងរួមចំណែកឈ្នះពានរង្វាន់ជាច្រើន អំឡុងការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jurgen Klopp ។ តាំងពីមកចូលរួមជាមួយ Liverpool កាលពីឆ្នាំ ២០១៧ មក Salah លេងសរុប ៣៥២ ប្រកួត និងស៊ុតចូល ២១៤ គ្រាប់។ ឯ Van Dijk និង Arnold បានបំពេញតួនាទីក្នុងទម្រង់លេងការពារបានយ៉ាងល្អអោយក្រុម។
សម្រាប់ បញ្ហាកង្វះព័ត៌មានរបស់ក្លិប Liverpool អំពីរឿងចរចាកុងត្រាថ្មីជាមួយកីឡាករទាំង៣ បង្កការរិះគន់ពីសាមីកីឡាករ ដ្បិតពួកគេចង់អោយក្លិបបង្ហាញភាពច្បាស់លាស់មួយ ។ ទោះមានបញ្ហានេះក្ដី Liverpool កំពុងបង្ហាញទម្រង់លេងល្អនាដើមរដូវកាល Premier League ២០២៤-២៥ នេះ ដោយលេង ៣ ប្រកួត ឈ្នះទាំង ៣ ប្រកួត៕