×

ថ្នាក់ដឹកនាំ Bayern Munich បង្ហើបមូលហេតុនៃការលក់ Matthijs de Ligt ទៅ Man UTD

នាយកចាត់ការទទួលកិច្ចការកីឡានៃក្លិប Bayern Munich លោក Maximilian Michael Eberl បានប្រាប់អំពីមូលហេតុនៃការសម្រេចចិត្តលក់ចេញកីឡាករការពារ Matthijs de Ligt ទៅអោយក្លិប Man UTD ដោយ ថាទម្រង់លេងកីឡាករមិនសមស្របនឹងក្លិបចង់បាន ហើយក្លិបមានតម្រូវការហិរញ្ញវត្ថុផងដែរ។

Matthijs de Ligt បានចាកចេញពី Bayern Munich ទៅចូលរួម Man UTD ក្នុងតម្លៃប្រមាណ ៤២,៩ លានផោន អំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ការចាកចេញរបស់កីឡាករ ហូឡង់ ពីទឹកដី Allianz Arena គឺដោយសាររូបគេ បានបាត់កៅអីលេង និងពិបាកស្វែងរកចំណាប់អារម្មណ៍ពីគ្រូបង្វឹកលោក Vincent Kompany ដែលពេញចិត្តទៅលើការលេងរបស់ Dayot Upamecano និង Kim-Min jae ជាង។ ការចាកចេញរបស់ Matthijs de Ligt បាននាំអោយមានការតវ៉ាមួយចំនួនពីអ្នកគាំទ្រ Bayern Munich ដោយទាមទារកុំអោយក្លិបលក់រូបគេចេញ។

ទោះយ៉ាងណា លោក Eberl បានបកស្រាយថា នាអំឡុងពេលដោះដូរកន្លងទៅ ក្លិប Bayern Munich មានការចាំបាច់ក្នុងការផ្ទេរចេញកីឡាករ ដោយមូលហេតុហិរញ្ញវត្ថុ ហើយមួយវិញទៀតទម្រង់លេង Matthijs de Ligt មិនសមស្របនឹងក្លិបចង់បាន។ ដូច្នេះ ក្លិបត្រូវការសម្រេចចិត្តថាត្រូវទុកកីឡាករណា ហើយផ្ទេរចេញកីឡាកររូបណា។

ក្រោយគិតគូររួចមកក្នុងតំបន់ការពារ ក្លិបក៏បានសម្រេចចិត្តទុក Dayot Upamecano និង Kim Min-jae ព្រោះពួកគេបង្ហាញទម្រង់លេងល្អក្នុងការលេងការពារជាពិសេសនៅតំបន់ភាគីគូប្រកួត និងត្រូវផ្ទេរ De Ligt ចេញ។ នៅពេលនោះ ក្លិប Manchester United ក៏បានដាក់សំណើផ្ទេរមក រួចក៏ចរចាត្រូវរ៉ូវគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងឡាយ។

កីឡាករវ័យ២៥ឆ្នាំ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនវាយតម្លៃថាគឺជាកីឡាករការពារវ័យក្មេងដ៏ឆ្នើមមួយរូប។ មុនមកលេងអោយ Manchester United នេះ De Ligt បានលេងនៅ Bayern Munich ចំនួន ២ រដូវកាល ពីឆ្នាំ ២០២២ ដល់ ២០២៤។ រូបគេលេងសរុប ៧៣ ប្រកួត និងស៊ុតចូល ៥ គ្រាប់។ ពី ២០១៩ ដល់ ២០២២ កីឡាករហុល្លង់លេងអោយ Juventus បន្ទាប់ពីលេងបាន៣រដូវកាលអោយក្រុមឈុតធំ Ajax៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង