ខ្សែប្រយុទ្ធ Yoane Wissa របស់ Brentford នឹងត្រូវអវត្តមានជាច្រើនខែបន្ទាប់ពីបានរបួសកជើង។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹក លោក Thomas Frank។
កីឡាករជនជាតិកុងហ្គោ បានទទួលរងរបួស នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ៤ ដែល Brentford ចាញ់ Manchester City ដោយលទ្ធផល ២-១។
ជាក់ស្តែង Yoane Wissa ត្រូវបានមើលឃើញថា មានអាការៈឈឺចាប់ ក្រោយការប៉ះទង្គិចជាមួយកីឡាករគូប្រជែង Mateo Kovacic នៅក្នុងវគ្គទី១ ហើយរូបគេក៏ត្រូវបានប្តូរចេញ។ កីឡាករវ័យ ២៨ឆ្នាំ ត្រូវបានរំពឹងថា អាចនឹងត្រលប់មកវិញនៅក្នុងអំឡុងខែវិច្ឆិកា។
ទាក់ទិននឹងរឿងនេះ លោក Thomas Frank បាននិយាយថា “វាមិនមែនជាដំណឹងល្អទេ សម្រាប់ Yoane Wissa ហើយវាមើលទៅដូចជារបួសដែលនឹងមានរយៈពេលពីរបីខែ។ ហើយខ្ញុំពិតជាខកចិត្តចំពោះបញ្ហានេះខ្លាំងណាស់។”
គ្រូបង្វឹកវ៧យ៥០ឆ្នាំបន្តថា “ យើងមានកីឡាករ ២ ៣ របួសរួចទៅហើយ ពេលនេះបន្ថែម Yoane Wissa ទៀត ដែលធ្វើអោយជួបប្រទះភាពស្មុគស្មាញ។ ប៉ុន្តែទាំងនេះជាផ្នែកមួយនៃបាល់ទាត់ វាត្រូវតែកើតឡើង ដូច្នេះអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺស្វែងរកដំណោះស្រាយសម្រាប់ក្រុមរបស់យើង។”
បន្ទាប់ពីការចាកចេញ របស់ខ្សែប្រយុទ្ធអង់គ្លេស Ivan Toney ទៅកាន់ក្លិប Al-Ahli នៅក្របខណ្ឌ Saudi Pro League រួចមក កីឡាករ Yoane Wissa បានបំពេញនូវចន្លោះខ្វះខាតរបស់ក្រុម Brentford និងបានដើរតួសំខាន់ក្នុងនាមជាកីឡាករស៊ុតគ្រាប់បាល់របស់ក្រុម។
Yoane Wissa បានស៊ុតចំនួន៣គ្រាប់ក្នុងការប្រកួតបើកឆាក ៤ប្រកួតនៅក្របខណ្ឌ Premier League របស់ Brentford ។ ទោះយ៉ាងណា របួសរបស់ Wissa ឥឡូវនេះបានក្លាយជាចន្លោះប្រហោងដ៏ធំរបស់ក្រុម ។
ឆ្លងកាត់ ៤ ប្រកួតក្នុងការជំនួបក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ក្រុម Brentford បានទទួលលទ្ធផលឈ្នះ ២ ចាញ់ ២ ដែលធ្វើអោយពួកគេមាន ៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៩។ ការប្រកួតជាបន្ត Brentford នឹងធ្វើដំណើរទៅជួប Tottenham Hotspur នៅចុងសប្តាហ៍នេះ៕