សារព័ត៌មាន BBC នៅអង់គ្លេសបានអោយដឹងថា ខ្សែបម្រើ Enzo Fernandez របស់ក្លិបបាល់ទាត់ Chelsea នៅលីគកំពូលអង់គ្លេស ត្រូវបានដាក់ពិន័យហាមប្រាមមិនអោយបើកបរនៅចក្រភពអង់គ្លេសរយៈពេល ៦ខែ។
ការដាក់ពិន័យទៅលើកីឡាករអាហ្សង់ទីន គឺបន្ទាប់ពីរូបគេបានប្រព្រឹត្តិបទល្មើសច្បាប់បើកបរចំនួន ២ករណី នៅភាគខាងលិចប្រទេសវេលស៍។
Enzo Fernandez ត្រូវបានគេរកឃើញថា មានការល្មើសច្បាប់ពិរុទ្ធក្នុងនាមជាអ្នកបើកបររថយន្ត ដែលត្រូវបានចោទប្រកាន់ថា បានបើកបរឡានឆ្លងកាត់សញ្ញាភ្លើងក្រហមនៅតំបន់ Llanelli និងនៅក្នុងតំបន់ Carmarthenshire ប្រទេសវេលស៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
រយៈពេលមួយខែក្រោយមក កីឡាករវ័យ២៣ឆ្នាំ បានធ្វើការបើកបរល្មើសនឹងច្បាប់ស្រដៀងគ្នានេះ រួមទាំងរងការចោទប្រកាន់ពីបទបើកបរលើសល្បឿនកំណត់នៅក្នុងទីក្រុង Swansea ទៅលើការបើកបររថយន្តម៉ាក Porsche ដែលមិនមានរបាយការណ៍ច្បាស់ពីព័ត៌មារបស់អ្នកបើកបរ។
បើតាមច្បាប់ Enzo Fernandez ត្រូវបង់ប្រាក់ពិន័យ និងថ្លៃចំណាយចំនួន៣ពាន់ផោន ពីការមិនបង្ហាញខ្លួននៅតុលាការតំបន់ Llanelli Magistrates ។
ទន្ទឹមនឹងនេះ Enzo Fernandez ក៏ទទួលរងពិន័យ ៦ចំណុចសម្រាប់បទល្មើលនីមួយៗ ពីចៅក្រមផងដែរ ទៅលើការមិនផ្តល់ព័ត៌មានដែលបណ្តាលអោយមានការហាមឃាត់។ ករណីនេះរូបគេក៏ត្រូវបានបង្គាប់អោយបង់ប្រាក់ពិន័យ ២ពាន់ផោន ហើយថ្លៃចំណាយ ២១០ផោន និងប្រាក់បន្ថែម ៨០០ផោនបន្ថែមទៀត។
សូមបញ្ជាក់ថា Enzo Fernandez គឺជាកីឡាករខ្សែបម្រើដែល Chelsea ទិញមកក្នុងតម្លៃកំណត់ត្រា ១០៧លានផោន ដោយមកទល់ពេលនេះរូបគេបានបង្ហាញខ្លួនអោយក្លិបតោខៀវ ៦៧ដង ស៊ុតបាន៧គ្រាប់៕