លោក Erik ten Hag គ្រូបង្វឹករបស់ Manchester United បាននិយាយថា ខ្សែបម្រើស្លាប Antony ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ ទើបរូបគេទទួលបានសិទ្ធិ និង ឱកាស ដើម្បីលេងនៅលើទីលាន។
កីឡាករប្រេស៊ីលគឺជាកីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបិសាចក្រហម បន្ទាប់ពីខ្សែបម្រើ Paul Pogba ដោយការផ្ទេរចូលរបស់គេពីក្លិប Ajax ក្នុងឆ្នាំ ២០២២ មានតម្លៃដល់ទៅ៨២លានផោនឯណោះ។ បែបនេះក្តី Antony បានស៊ុតបញ្ចូលទីបានត្រឹមតែ ៥ គ្រាប់ និង ចែកបាល់សម្រេចទី៣ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៥៥ ប្រកួតអោយ Manchester United នៅក្នុងជំនួបក្របខណ្ឌ Premier League ហើយកាលពីរដូវកាលមុន រូបគេបានរួមចំណែកស៊ុត១ គ្រាប់និង ចែកបាល់សម្រេចទី១ដង ខណៈដែល Manchester United បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ៨ ។
សម្រាប់ការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះវិញ កីឡាករវ័យ២៤ឆ្នាំ មានសកម្មភាពប្រកួតប្រជែងត្រឹមតែ១នាទីប៉ុណ្ណោះ នៅក្នុងការប្រកួតចាញ់ក្រុម Brighton ២-១កាលពីខែមុន ខណៈដែល Marcus Rashford, Alejandro Garnacho និង Amad Diallo ត្រូវបានជ្រើសរើសជាជម្រើសចម្បង។
យ៉ាងណា Antony សង្ឃឹមថានឹងមាននាទីលេងច្រើនជាងនេះ នៅក្នុងការប្រកួត ពានរង្វាន់ EFL Cup ជុំទី ៣ ទល់នឹងក្រុមលីគទី២ Barnsley ប៉ុន្តែ គ្រូបង្វឹក Manchester United លោក Ten Hag និយាយថា សាមីកីឡាករផ្ទាល់គឺជាអ្នកទទួលខុសត្រូវលើតួនាទីនិងឱកាសលេង និងថា រូបគេត្រូវតែពង្រឹងសមត្ថភាពឡើងវិញ បើចង់ទទួលបានវា។
គ្រូបង្វឹកជនជាតិហូឡង់បាននិយាយដូច្នេះ “Antony មានការអត់ធ្មត់ហើយគេចង់លេងណាស់ប៉ុន្តែនៅក្នុងបាល់ទាត់មានច្បាប់។ អ្នកត្រូវជ្រើសរើសកីឡាករល្អដើម្បីមានលទ្ធភាពឈ្នះខ្ពស់ដូច្នេះកីឡាករត្រូវតែតស៊ូដើម្បីតំណែងរបស់ពួកគេ ហើយ Antony ត្រូវឆ្លងកាត់រឿងនេះដែរ។”
ដោយឡែក Rashford, Garnacho និង Amad សុទ្ធតែបានស៊ុតបញ្ចូលទីរៀងខ្លួនហើយនៅរដូវកាលនេះ ដែលនេះបានបង្កើនសម្ពាធទៅលើ Antony ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបទួរគី Fenerbahce មុនពេលទីផ្សារដោះដូរកីឡាករបិទ៕