Chelsea បានក្លាយជាក្រុមមានកីឡាករថ្លៃជាងគេបំផុតលើលោក នៅឆ្នាំ២០២៤ ស្របពេល Man UTD ស្ថិតនៅលំដាប់លេខ២ ហើយ Manchester City ស្ថិតនៅលំដាប់លេខ៣ ។
ការិយាល័យស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory បានអោយដឹងថា ក្លិប Chelsea មានកីឡាករសរុបតម្លៃ១,៣៩ ពាន់លានដុល្លារ ដោយតម្លៃនេះ ផ្អែកតាមការគណនាចំនួនទឹកប្រាក់ដែលពួកគេចំណាយលើការទិញកីឡាករ។
ចាប់តាំងពីក្លិប Chelsea បានផ្លាស់ប្តូរម្ចាស់ក្លិបចេញពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich មកជាមហាសេដ្ឋីអាមេរិកលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital កាលពីខែឧសភា ឆ្នាំ ២០២២ មក ក្លិបនៅក្របខណ្ឌ Premier League មួយនេះបានចំណាយជិត ១,៦ ពាន់លានដុល្លារហើយលើការទិញកីឡាករ។ ក្រុមតោខៀវបាននាំយកកីឡាករចំនួន ៤០នាក់ និងលក់កីឡាករចេញ ៣៨នាក់។
ចំណែកឯ Man UTD ស្ថិតនៅចំណាត់ថ្នាក់លេខ២ជាក្លិបមានកីឡាករថ្លៃជាងគេបំផុតលើលោកលំដាប់ទី២ក្នុងឆ្នាំ២០២៤នេះ ដោយក្លិបមានកីឡាករសរុបតម្លៃ១,១៥ ពាន់លានដុល្លារ ។ ក្លិប Man UTD ត្រូវបានដឹងថា បានចំណាយប្រាក់ច្រើនដែរ នៅរដូវកាលនេះ ដោយពួកគេបានទិញខ្សែការពារ Lenny Yoro, Matthijs de Ligth, Noussair Mazraoui និង ខ្សែបម្រើកណ្តាល Manuel Ugarte ក្នុងតម្លៃជាង ២៦៣ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៣គឺក្លិប Man City ដែលមានសមាជិកកីឡាករតម្លៃ ១,១២ ពាន់លានដុល្លារ។ មែនទែនទៅក្លិប Man City មិនចំណាយច្រើននោះទេនៅរដូវកាលនេះ ប៉ុន្តែនៅតែរក្សាតម្លៃកីឡាករខ្ពស់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Guardiola។ បើគិតទៅក្រុមអង់គ្លេសទាំង៣ ខាងដើមនេះសុទ្ធតែមានកីឡាករសរុបក្នុងតម្លៃលើសពី១ពាន់លានដុល្លារ។
ដោយឡែក ក្នុងចំណោមក្លិបដែលមានកីឡាករថ្លៃជាគេបំផុតលើលោកទាំង២០ មានក្រុមអង់គ្លេសដល់ទៅ១២ទៅហើយ ខណៈ៥ក្រុមកំពូលក៏សុទ្ធតែក្រុមអង់គ្លេសនាំមុខទាំងអស់។ Asenal និង Spurs ស្ថិតនៅចំណាត់ថ្នាក់ទី៤ និងទី៥ ស្របពេល Paris Saint Germain នៅលេខ៦។ Liverpool ឈរលេខ៧ Real Mardrid ដែលជាម្ចាស់ជើងឯក La Liga និង UEFA Champions League រដូវកាលមុន នៅលេខ៨។ Newcastle United នៅលេខ៩ និង Juventus នៅលេខ១០៕