×

អាជ្ញាកណ្តាលកាត់ក្តីការប្រកួតរវាង Bournemouth ទល់នឹង Chelsea រងការគម្រាមកំហែង

មន្ត្រីអាជ្ញាកណ្តាល លោក Anthony Taylor ដែលកាត់ក្តីការប្រកួតរវាង Bournemouth ទល់នឹង Chelsea នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីការប្រកួតសប្តាហ៍ទី៤ បានរងការគម្រាមកំហែង។

ក្របខណ្ឌ Premier League កំពុងសម្លឹងមើលទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំណត់គោលដៅលើអាជ្ញាកណ្តាលវ័យ៤៥ឆ្នាំ បន្ទាប់ពីការកាត់ក្តីរបស់លោកក្នុងការប្រកួតដែល ក្រុម Chelsea ឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល ១-០ ដោយក្នុងការប្រកួតនោះលោកបានបំបែកកំណត់ត្រាសម្រាប់ការចាយកាតពិន័យយ៉ាងច្រើនក្នុងមួយប្រកួត។

ការគម្រាមកំហែង នោះរួមមានដល់ការប៉ុនប៉ងដល់ជីវិតក្រុមគ្រួសារលោក Anthony Taylor ដែលវាបានកើតឡើង ក្រោយពេលរូបលោក បានធ្វើការពិន័យកាតលឿងដល់ទៅ ១៤សន្លឹក ដល់កីឡាករក្រុមទាំងសងខាងនៅក្នុងការប្រកួតនាកីឡដ្ឋាន Vitality ហើយក្នុងនោះមាន ២ សន្លឹកទៀតត្រូវបានដាក់ពិន័យ ដល់បុគ្គលិកក្រុមគ្រូបង្វឹករួមទាំងគ្រូបង្វឹក Chelsea លោក Enzo Maresca ផងដែរ។

ដោយសារបញ្ហានេះ លោកអាជ្ញាកណ្តាលជនជាតិអង់គ្លេស ត្រូវបានស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាលរបស់អង់គ្លេស PGMOL ផ្លាស់ប្តូរតួនាទីរបស់លោកមកជាមន្ត្រីអាជ្ញាកណ្តាលទី៤វិញ នៅក្នុងការប្រកួត ក្របខណ្ឌ Premier League រវាង Southampton ទល់នឹង Ipswich និងការប្រកួត Brighton ទល់នឹង Nottingham Forest ដើម្បីការពារសុវត្ថិភាពរបស់លោក។

សម្រាប់រឿងរ៉ាវ នៃការគម្រាមកំហែង ដល់អាយុជីវិតនិងក្រុមគ្រួសារមន្ត្រីអាជ្ញាកណ្តាល នេះដែរ មន្ត្រីមានសមត្ថកិច្ចរបស់អង់គ្លេសកំពុងធ្វើការស្រាវជ្រាវ និង ចាត់វិធានការតាមផ្លូវច្បាប់នានា។

សូមបញ្ជាក់ថា កាលពីការប្រកួតរវាង Bournemouth ទល់នឹង Chelsea នៅកីឡដ្ឋាន Vitality នោះ មានការប៉ះទងិ្គច និង រឿងរ៉ាវចម្រូងចម្រាសជាច្រើនបានកើតឡើងរវាងកីឡាករក្រុមទាំងសងខាង ដែលធ្វើអោយមានការពិន័យកាតលឿងដល់ទៅ ១៤កាត ដោយក្នុងនោះ កីឡាករចំណូលថ្មីរបស់ Chelsea គឺ João Félix ក៏បានទទួលរងការពិន័យផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង