×

ម្ចាស់ក្លិប Roma ចាប់អារម្មណ៍ចង់ទិញក្លិប Everton

មហាសេដ្ឋីអាមេរិក លោក Dan Friedkin ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ឡើងវិញក្នុងការទិញក្លិប Everton ។

បុរសវ័យ៥៩ឆ្នាំ ដែលជានាយកប្រតិបត្តិនៃសាជីវកម្ម The Friedkin Group និងជាម្ចាស់ក្លិប AS Roma នៅក្របខណ្ឌ Serie A របស់អ៊ីតាលី ត្រូវបានគេជឿថាមានឆន្ទៈក្នុងការត្រលប់ទៅតុចរចាជាមួយម្ចាស់ភាគហ៊ុនធំរបស់ក្លិប Everton គឺលោក Farhad Moshiri ជុំវិញការទិញលក់ភាគហ៊ុនដ៏មានសក្តានុពលរបស់ក្លិប។

លោក Dan Friedkin ធ្លាប់ចង់ទិញក្លិប Everton រួចម្តងហើយ កាលពីខែមិថុនា កន្លងទៅ ប៉ុន្តែក៏អាក់ខានទៅវិញ ក្រោយមិនអាចឈានដល់កិច្ចព្រមព្រៀងរួមគ្នា។ យ៉ាងណាពេលនេះ មហាសេដ្ឋីអាមេរិក បានបើកការចរចាសាជាថ្មី ដើម្បីទិញភាគហ៊ុនក្លិបនៅក្របខណ្ឌ Premier League មួយនេះ។

ក្នុងការចរចាថ្មីនោះ លោក Friedkin បានលើកឡើងពីការព្រួយបារម្ភអំពីបំណុលដែលបន្សល់ទុកដោយដៃគូវិនិយោគរបស់ក្លិបគឺក្រុមហ៊ុន 777 Partners ដោយពេលនេះក្លិបជំពាក់បំណុលប្រហែល ២០០ លានផោន។

ក្រុមហ៊ុន 777 Partners ត្រូវបានមើលឃើញថា ប្រឈមនឹងការក្ស័យធន បន្ទាប់ពីមានបណ្តឹងជាបន្តបន្ទាប់ ការចោទប្រកាន់ពីការក្លែងបន្លំ និងការពន្យារពេលការបង់ប្រាក់កាលពីឆ្នាំមុន។ បញ្ហានេះនឹងនាំអោយមានការប៉ះពាល់ដល់ហរិញ្ញវត្ថុរបស់ក្លិប Everton។

ទន្ទឹមនឹងនេះក្រុមហ៊ុន The Friedkin Group បានផ្តល់កម្ចីដល់ក្លិប Everton ដើម្បីទូទាត់ជាមួយក្រុមហ៊ុន Laing O’Rourke ដែលជាអ្នកសាងសង់កីឡដ្ឋានថ្មីរបស់ក្លិបនៅតំបន់ Bramley-Moore Dock ដែលវានឹងបើកផ្លូវកាន់តែទូលាយសម្រាប់លោក Dan Friedkin ក្នុងការចរចាទិញយកក្លិបរហស្សនាមស្ករគ្រាប់។

លោក Dan Friedkin គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន The Friedkin Group ដែលជាសម្ព័ន្ធអាជីវកម្ម និងការវិនិយោគឯកជននៅក្នុងឧស្សាហកម្មរថយន្ត បដិសណ្ឋារកិច្ច ការកម្សាន្ត កីឡាវាយកូនហ្គោល និងឧស្សាហកម្មផ្សងព្រេង។ គម្រោងរបស់លោកក្នុងការទិញយកក្លិប Everton គឺលោកមានបំណងអភិវឌ្ឈក្លិប និងតំបន់នានានៅជុំវិញក្លិបនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង