ខ្សែប្រយុទ្ធ Bukayo Saka របស់ Arsenal បានសារភាពថារូបគេនឹករលឹកអតីតមិត្តរួមក្រុមចំនួន៣រូបបន្ទាប់ពីការចាកចេញរបស់ពួកគេពីទឹកដី Emirate។
កាលពីទីផ្សារដោះដូរកីឡាករនារដូវក្តៅកន្លទៅ Arsenal ក្រោមការដឹកនាំរបស់ គ្រូបង្វឹកលោក Mikel Arteta មានភាពមមាញឹកក្នុងការនាំយកកីឡាករថ្មីៗមករួមក្រុមដូចជា Riccardo Calafiori, Mikel Merino និង Raheem Sterling ជាដើម។
ទោះជាយ៉ាងណាក៏ដោយ កីឡាករ Arsenal មួយចំនួនបានចាកចេញ បើទោះជាបានរួមរស់ជាមួយ Arsenal អស់រយៈពេលជាងមួយទសវត្សមកហើយ។ ជាក់ស្តែង កីឡាករដែលបានចាកចេញមានដូចជា Emile Smith-Rowe និង Reiss Nelson បានចូលរួមជាមួយ Fulham ហើយ Eddie Nketiah បានចូលរួមជាមួយ Crystal Palace ។ កីឡាករទាំង៣ធ្លាប់ជាមិត្តរួមក្រុមដែលមានភាពជិតស្និទ្ធជាមួយ Bukayo Saka ហើយការចាកចេញរបស់ពួកគេបានធ្វើអោយកីឡាករវ័យ២៣ឆ្នាំ សោកសៅផងដែរ។
នៅពេលត្រូវបានសួរនាំ ពីការចាកចេញរបស់មិត្តរួមក្រុមនោះ Bukayo Saka បានទទួលស្គាល់ ថា រូបគេមានភាពនឹករលឹកកីឡាករទាំង៣រូប។
Bukayo Saka បានអោយដឹងដូច្នេះ “ចាប់តាំងពីខ្ញុំចូលមកក្នុងក្រុមដំបូង ពួកគេដូចជាបងប្អូន របស់ខ្ញុំ ជាមួយនឹងវិធីដែលពួកគេស្វាគមន៍ខ្ញុំ ។ ដូច្នេះហើយ វាមិនងាយស្រួលទេក្នុងការឃើញពួកគេចាកចេញ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ពួកគេ ព្រោះពួកគេជាកីឡាករកំពូលទាំង៣ដែលមានគុណភាព ហើយខ្ញុំជឿថាពួកគេនឹងទៅដើម្បីបញ្ចេញភាពខ្លាំងរបស់ពួកគេបន្តទៀតនៅក្នុងការប្រកួត Premier League នៅឆ្នាំនេះ។”
ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមរដូវកាលនេះ ជាមួយលទ្ធផលល្អ ដោយឈ្នះ៣ និង ស្មើ១ប្រកួត។ ក្រុមរបស់លោក Arteta នឹងធ្វើដំណើរទៅកាន់ Atalanta ក្នុងពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Atalanta មុនពេលពួកគេវិលមកកាន់ការប្រកួតក្របខណ្ឌ Premier League វិញ ដោយត្រូវ ជួបគូប្រជែងជើងខ្លាំងនិងជាក្រុមការពារតំណែងជើងឯកនោះគឺក្រុម Manchester City នៅកីឡដ្ឋាន Etihad នៅចុងសប្តាហ៍នេះ៕