ក្លិប Man UTD បានត្រៀមខ្លួនរួចជាស្រេចក្នុងការបោះបង់គម្រោងរក្សាទុកកីឡដ្ឋាន Old Trafford ហើយចង់ជ្រើសរើសការសាងសង់កីឡដ្ឋានថ្មីតម្លៃ ២ ពាន់លានផោននៅក្បែរនោះ។
បើសិន Man UTD ជ្រើសរើសគម្រោងកសាងកីឡដ្ឋានថ្មី មានន័យថាកីឡដ្ឋានដែលមានអាយុ១១៤ ឆ្នាំ នឹងត្រូវកំទេចចោល ករណីក្លិបសម្រេចចិត្តមិនធ្វើការអភិវឌ្ឍឡើងវិញ ជំនួសដោយការបង្កើតកីឡដ្ឋានដែលមានកៅអី១០ម៉ឺនកន្លែង។
ការពិត ក្លិបនៅក្របខណ្ឌ Premier League បានបង្ហាញផែនការចង់ពង្រីកកីឡដ្ឋាន Old Trafford ចំនួន៣ម៉ឺនកៅអីបន្ថែមទៀតដើម្បីរក្សាទីតាំងជាប្រវត្តិសាស្រ្តមួយនេះ ប៉ុន្តែគម្រោងទំនងមិនដំណើរការ ដ្បិតវាអាចមានភាពស្មុគស្មាញនិងចំណាយច្រើនជាងការកសាងកីឡដ្ឋានថ្មី។
កីឡដ្ឋាន Old Trafford ជាទីតាំង ដែលមានតម្លៃមនោសញ្ចេតនា និង ការចងចាំដ៏ធំសម្រាប់អ្នកគាំទ្រ Man UTD ជុំវិញពិភពលោក។ វាក៏ជាទីកន្លែងធ្លាប់មានវត្តមានវីរបុរសល្បីៗរបស់ក្លិបដូចជាលោក Matt Busby, Alex Ferguson, Jimmy Murphy , Bobby Charlton, George Best និង Denis Law ផងដែរ។ ក្លិបក៏គ្រោងនឹងបង្កើតក្រុមរក្សាបេតិកភណ្ឌ ដើម្បីធ្វើអោយប្រាកដថា សមាសធាតុជាប្រវត្តិសាស្ត្រនៃកីឡដ្ឋាន Old Trafford ត្រូវបានរក្សាទុកបើសិនជាវាត្រូវកំទេចចោល។ ទោះយ៉ាងណា គម្រោងអនាគតចំពោះកីឡដ្ឋាន Old Trafford និង ការកសាងកីឡដ្ឋានថ្មី កំពុងស្ថិតក្នុងការពិភាក្សាជាមួយសមាជិកក្លិប និង ក្រុមអ្នកគាំទ្រនៅឡើយ។
មតិពីអ្នកគាំទ្រ Man UTD នៅមានភាពចម្រូងចម្រាសដោយអ្នកគាំទ្រខ្លះចង់អោយក្លិបនៅបន្តលេងនៅកីឡដ្ឋាន Old Trafford និង អ្នកគាំទ្រមួយចំនួនចង់អោយក្លិបកសាងកីឡដ្ឋានថ្មី តែក៏ចង់រក្សាទុកកីឡដ្ឋានដ៏ចំណាស់មួយដដែល។
ដោយឡែក សហម្ចាស់ក្លិប Man UTD លោក Jim Ratcliffe ចង់បានការសម្រេចចិត្តចុងក្រោយនៅចុងឆ្នាំនេះ ដូច្នេះការងារទាក់ទងនិងកីឡដ្ឋានរបស់ក្លិបអាចបញ្ចប់ត្រឹមឆ្នាំ ២០៣០។
សូមបញ្ជាក់ថា កីឡដ្ឋាន Old Trafford បានដាក់អោយប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ ១៩១០ មក ដោយកីឡដ្ឋាន បានធ្វើការកែប្រែជួលជុលចំនួន១០លើករួចមកហើយ។ វាជាកីឡដ្ឋានដែលអាចផ្ទុកបាន ៧ម៉ឺន ៤កៅអី និងជាកីឡដ្ឋានបាល់ទាត់ធំទី២ នៅអង់គ្លេស បន្ទាប់ពីកីឡដ្ឋាន Wembley ៕