អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Anthony Martial បានចុះហត្ថលេខាជាមួយក្លឹបក្រិក AEK Athens ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។
Martial វ័យ ២៨ ឆ្នាំបានចាកចេញពីកីឡដ្ឋាន Old Trafford បន្ទាប់ពីលេងបានរយៈពេល ៩ ឆ្នាំ។ កីឡាករសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួន ៣១៧ ប្រកួតឱ្យ Man Utd ដោយស៊ុតបញ្ចូលទីបាន ៩០ គ្រាប់ បន្ទាប់ពីផ្ទេរពីក្លិប Monaco ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ ៣៦លានផោន។
AEK Athens គឺជាក្រុមកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌក្រិក Super League បន្ទាប់ពីឈ្នះ ៣ ប្រកួតក្នុង ៤ប្រកួត។ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២កាលពីរដូវកាលមុន។
Martial បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ AEK គឺជាឱកាសសម្រាប់ខ្ញុំ ហើយខ្ញុំចង់ផ្តល់ឱ្យខ្លួនឯងនូវអ្វីដែលល្អបំផុតដើម្បីឈ្នះពានរង្វាន់ និងនាំមកនូវសេចក្តីរីករាយដល់អ្នកគាំទ្រ”។
Martial បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លិប Lyon មុនពេលផ្ទេរទៅ Monaco ក្នុងតម្លៃ ៤,៤ លានផោន។ រូបគេរកបាន ២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣០ លើកសម្រាប់ក្រុមជម្រើសជាតិបារាំង គិតត្រឹមឆ្នាំ២០២១ ហើយមិនត្រូវបានកោះហៅទៀតឡើយ៕