×

គ្រូ Arsenal កោតសរសើរការសង្គ្រោះបាល់របស់ David Raya ក្នុងជំនួប UEFA Champions League កាលពីយប់មិញ

គ្រូបង្វឹក Arsenal លោក Mikel Arteta បានធ្វើការកោតសរសើរការសង្គ្រោះបាល់របស់ អ្នកចាំទី David Raya ក្នុងជំនួបពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Atalanta កាលពីយប់មិញ។

ជាការពិត Arsenal និង Atalanta បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ០-០ សម្រាប់ការប្រកួតបើកឆាក UEFA Champions League ដើម្បីទទួលបានម្នាក់១ពិន្ទុក្នុងការប្រកួតលើទឹកដីរបស់ក្រុមអ៊ីតាលី។ ក្នុងការប្រកួតនោះគេមើលឃើញថា អ្នកចាំទីរបស់ក្រុម Arsenal កីឡាករ David Raya បានសង្គ្រោះបាល់ពិន័យ១១ម៉ែត្រ បានល្អមែនទែន។

ការប្រកួតនាកីឡដ្ឋាន Stadio di Bergamo មិនមានគ្រាប់បាល់កើតឡើងនោះទេ នៅក្នុងវគ្គទី១។

ចូលដល់វគ្គទី២ ក្រុមទាំងសងខាងបន្តវាយសម្រុកដើម្បីរកគ្រាប់បាល់ ប៉ុន្តែនៅនាទី ៥១ ក្រុមម្ចាស់ផ្ទះ Atalanta បានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយកីឡាករ Thomas Partey បង្កកំហុសលើកីឡាករម្ចាស់ផ្ទះ Ederson។ កីឡាករ Mateo Retegui គឺជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រនេះ ប៉ុន្តែ David Raya អ្នកចាំទីរបស់ Arsenal បានសង្គ្រោះបាល់ចំនួន២ លើកពីការស៊ុត លើកទី១ ហើយពេលបាល់ខ្ទាតមកវិញ Mateo Retegui បានតែតបន្ថែម ប៉ុន្តែត្រូវបាន David Raya សង្គ្រោះម្តងទៀត។ នាទីដែលនៅសល់មិនមានការស៊ុតបានសម្រេចនោះទេ ទើបលទ្ធស្មើគ្នា ០-០ បន្តដល់ចប់ការប្រកួត។

ទោះជាមិនបានទទួលជ័យជំនះ ប៉ុន្តែគ្រូបង្វឹក Arsenal លោក Mikel Arteta នៅតែមានភាពរីករាយ ជាពិសេស ការបានឃើញការសង្គ្រោះបាល់យ៉ាងល្អរបស់ David Raya ដែលលោកយល់ថា ជាការសង្គ្រោះដ៏ល្អបំផុត។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានថ្លែងដូច្នេះ “ ខ្ញុំបានក្លាយជាសាក្សី នៃការមើលឃើញការសង្គ្រោះបាល់ដ៏ល្អបំផុត ដែលខ្ញុំមិនដែលឃើញនៅក្នុងអាជីព។ David Raya ពិតជាធ្វើបានល្អខ្លាំងណាស់។”
លោក Arteta បន្ថែមទៀតថា “កាលពីរដូវកាលមុន David Raya ពិតជាសំខាន់សម្រាប់ពួកយើង ប៉ុន្តែរដូវកាលថ្មី រូបគេបង្ហាញថា គេកាន់តែមានសារៈសំខាន់ថែមទៀត ដើម្បីសង្គ្រោះក្រុម។ សម្រាប់ខ្ញុំ គេជាអ្នកចាំទីដ៏អស្ចារ្យមួយរូប។”

ដោយឡែក ក្រោយចប់ការប្រកួត UEFA Champions League រួច Arsenal នឹងបន្តការប្រកួតក្របខណ្ឌ Premier League ជាបន្តដោយត្រូវប៉ះក្រុម Manchester City នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង