Man UTD បានបង្កើនការចាប់អារម្មណ៍ទៅលើ ខ្សែបម្រើ Tyler Dibling របស់ Southampton។ នេះបើតាមការរាយការណ៍អោយដឹងពីសារពត៌មាន Express នៅអង់គ្លេស។
ជាការពិត ទោះជា Southampton បានចាញ់ Man UTD ដោយលទ្ធផល ៣-០ នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលកន្លងទៅក្តី ប៉ុន្តែ កីឡាករ Tyler Dibling បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការជួយក្រុមរបស់ខ្លួន។
ទន្ទឹមនឹងនេះ ប្រភពដដែលបានអោយដឹងថា នាយកផ្នែកកីឡារបស់ Man UTD លោក Dan Ashworth បានក្លាយជាអ្នកគាំទ្រមួយរូបរបស់កីឡាករវ័យ១៨ឆ្នាំ ដោយលោកបានសរសើរពីគុណផលរបស់គេ ជាញឹកញាប់។
វាត្រូវបានគេជឿថា Man UTD អាចនឹងចរចាលើការផ្លាស់ប្តូរសម្រាប់ Tyler Dibling ទាំងនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាឬរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែ Southampton ត្រូវបានកំណត់ថានឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីរក្សាកីឡាករកំពុងមានសមត្ថភាពលេចធ្លោរបស់ខ្លួន ដោយនឹងត្រៀមផ្តល់កិច្ចសន្យាថ្មីអោយរូបគេលេងនៅទឹកដី St. Mary’s រយៈពេលវែង។ ដោយឡែក គ្រូបង្វឹក Southampton លោក Russell Martin ក៏ត្រៀមបង្កើនឱកាសរបស់គេក្នុងការបង្ហាញខ្លួនលើទីលាន ដើម្បីពង្រឹងសមត្ថភាពរបស់គេ និង ក្រុមអោយកាន់តែល្អជាងមុន។
Tyler Dibling បានដុះដាលចេញពីថ្នាលយុវជនរបស់ Southampton ហើយរូបគេត្រូវបានគេមើលឃើញថាជាអនាគតកីឡាករដែលមានសក្តានុពលដ៏ធំ ដោយបង្ហាញសមត្ថភាពនៅកម្រិតអន្តរជាតិហើយបានលេងអោយក្រុមយុវជនអង់គ្លេសគ្រប់ឈុតចាប់ពីឈុត U16 U17 U18 និង U19។
ទោះយ៉ាងណា មានការវិភាគជាច្រើនបានលើកឡើងថា Tyler Dibling គួរតែបន្តការលេងជាមួយ Southampton ជារឿងល្អ ព្រោះរូបគេអាចមានឱកាសច្រើនក្នុងការពង្រឹងសមត្ថភាព និង ការលេង ហើយក៏មានលទ្ធភាពខ្ពស់ក្នុងការជៀសវាងភាពតានតឹង មិនដូចការលេងជាមួយក្លិបដូចជា Man UTD ដែលកីឡាករជាច្រើនរូបបានរងសម្ពាធ និងការប្រកួតប្រជែងខ្ពស់ព្រោះការលេងជាមួយក្លិបធំៗបែបនេះ៕