×

Chelsea ចង់ស្វែងរកបេក្ខភាពថ្មីជំនួសប្រធានក្រុម Reece James

Chelsea ត្រូវបានសារពត៌មាននៅអង់គ្លេសរាយការណ៍ថា កំពុងស្វែងរកបេក្ខភាពថ្មី ដើម្បីជំនួសប្រធានក្រុមរបស់ពួកគេគឺ ខ្សែការពារ Reece James។

ជាការពិត ទោះជា Reece James បានកាន់តំណែងសំខាន់ នៅក្រុមតែខៀវក៏ពិតមែន ប៉ុន្តែ ពួកគេហាក់លែងមានភាពអត់ធ្មត់ក្នុងការរង់ចាំ កីឡាករវ័យ ២៤ឆ្នាំដែលមានបញ្ហារបួសជាញឹកញាប់ ជាពិសេសគឺរបួសសរសៃពួរ ដែលធ្វើអោយរូបគេអវត្តមានជាច្រើនសប្តាហ៍ក្នុងរយៈពេលមួយលើកៗ។

ពេញមួយរដូវកាលចាស់ ២០២៣-២៤ កីឡាករអង់គ្លេស Reece James បង្ហាញខ្លួនបានត្រឹមតែ ១១ ប្រកួត គ្រប់កម្មវិធី។

សម្រាប់រដូវកាលថ្មី Reece James ក៏មិនមានតម្រុយជាក់លាក់ក្នុងការវិលត្រឡប់មកទីលានវិញជាទៀងទាត់ដែរ ដែលធ្វើអោយ Chelsea ដាច់ចិត្តសម្លឹងរកកីឡាករថ្មីបណ្តើរៗមកជំនួសតំណែងរបស់គេ។

យោងប្រភពពី TBR Football បានចុះផ្សាយថា ក្រុមតោខៀវបច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Enzo Maresca បានសម្លឹងឃើញកីឡាករ ៥រូបរួចទៅហើយ។

កីឡាករទី១ គឺ Jules Kounde ដែលជាខ្សែការពារស្លាបស្តាំនិងអាចលេងការពារណ្តាលរបស់ក្រុម Barcelona ធ្លាប់ត្រូវបាន Chelsea ទាក់ទងចង់បានមុនពេលរូបគេសម្រេចចិត្តផ្លាស់ពី Sevilla មក Barcelona នៅឆ្នាំ២០២២។

Chelsea ក៏បានសម្លឹងមើល Jeremy Frimpong ខ្សែបម្រើ-ការពារ របស់ក្រុម Leverkusen ដែលអាចជាជម្រើសដ៍ល្អបំផុតម្នាក់ក្រោយពីរូបគេបានជួយអោយ Leverkusen លើកពានជាប្រវត្តិសាស្រ្តកាលពីរដូវកាលចាស់។

កីឡាករទី៣ ដែល Chelsea បានដាក់គោលដៅដែរនោះគឺ ខ្សែការពារ Kiliann Sildillia របស់ក្រុម FC Freiburg ដែលទើបបានបង្ហាញខ្លួនចំនួន ៣លើកសម្រាប់ក្រុមមាន់គកបារាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីពេលកន្លងទៅ។

ចំពោះកីឡាករ២រូបទៀត គឺ Michael Kayode កីឡាករវ័យក្មេងសញ្ជាតិអ៊ីតាលីរបស់ក្រុម Fiorentina និង ខ្សែប្រយុទ្ធមានវ័យទើបតែ១៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់ Geovany Quenda របស់ក្រុម Sporting CP៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង