×

Liverpool ដាក់គោលដៅផ្ទេរខ្សែការពារ Antonee Robinson របស់ Fulham

មានការរាយការណ៍ថា Liverpool បានកំណត់យកខ្សែការពារ Antonee Robinson របស់ ក្រុម Fulham ជាគោលដៅផ្ទេរចូលសម្រាប់ជំនួសតំណែងរយៈពេលវែងរបស់ខ្សែការពារ Andy Robertson។

Andy Robertson បានក្លាយជាកីឡាករសំខាន់នៅក្នុងក្រុម Liverpool បន្ទាប់ពីផ្ទេរពី Hull City ក្នុងឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួនជាង ៣០០ដង សម្រាប់ក្រុមហង្សក្រហម។ រូបគេត្រូវបានចាត់ទុកជាខ្សែការពារដ៏រឹងមាំមួយរូប ដោយបានជួយ Liverpool ឈ្នះពានរង្វាន់ធំៗជាច្រើននៅរួមទាំងពានរង្វាន់ UEFA Champions League ក្នុងឆ្នាំ ២០១៩ និង Premier League 2019-20។

ប៉ុន្តែឥឡូវ Andy Robertson ឈានចូលដល់វ័យ៣០ឆ្នាំហើយ ហើយ Liverpool កំពុងចាប់ផ្តើមរៀបចំផែនការសម្រាប់អនាគតដោយ Antonee Robinson របស់ Fulham ត្រូវបានគេកំណត់ទុកជាអ្នកជំនួសដ៏មានសក្តានុពល។

ទោះយ៉ាងណា Liverpool នឹងជួបការលំបាកដោយគូប្រជែងធំដូចជា Man UTD ក៏ត្រូវបានដឹងថា បានចាប់អារម្មណ៍កីឡាករជនជាតិអាមេរិក Antonee Robinson ដែរ។ ក្រុមបិសាចក្រហម ចង់ពង្រឹងជម្រើសខ្សែការពារឆ្វេង ដ្បិត Luke Shaw និង Tyrell Malacia មិនទាន់បង្ហាញទម្រង់តាមការចង់បានរបស់ក្រុម នៅរដូវកាលនេះ។

ការពិភាក្សារបស់ Man UTD អាចនឹងចាប់ផ្តើមនៅដើមខែមករា ដែលមានន័យថា Liverpool ត្រូវធ្វើការសម្រេចចិត្តអោយបានលឿន បើពួកគេចង់ធានាការនាំយក កីឡាករវ័យ ២៧ឆ្នាំ ។

ទោះជាយ៉ាងណា Fulham ទំនងជានឹងទាមទារតម្លៃផ្ទេរ ក្នុងតម្លៃខ្ពស់មួយប្រមាណ ៣៥លានផោន ប្រសិនបើពួកគេអនុញ្ញាតអោយ Robinson ចាកចេញទាំងក្នុងខែមករា ឬរដូវក្តៅក្រោយ។

សូមបញ្ជាក់ថា Antonee Robinson បានចូលរួមជាមួយ Fulham ដោយផ្ទេរពីក្រុមលីគទី២ Wigan Athletic កាលពីឆ្នាំ២០២០ ខណៈរូបគេនៅមានកុងត្រា រហូតដល់រដូវក្តៅឆ្នាំ ២០២៨ ឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង