×

គ្រូ Man City ថា Arsenal ជាគូប្រជែងធំនៅ Premier League រដូវកាលនេះ

គ្រូបង្វឹក លោក Pep Guardiola បាននិយាយថា ក្រុម Arsenal គឺជាគូប្រជែងធំរបស់ក្រុម Man City នៅក្នុងការប្រជែងពានរង្វាន់ក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ នេះ។

ការលើកឡើងរបស់បុរសជនជាតិអេស្ប៉ាញ គឺបន្ទាប់ពីការប្រកួតសប្ដាហ៍ទី៥ក្នុងក្របខណ្ឌ Premier League រវាង Man City និង Arsenal បានបញ្ចប់ទៅដោយលទ្ធផល ២-២។

ជាការពិត ការប្រកួតនៅលើទឹកដី Etihad Stadium នោះ Man City បានគ្របគ្រងការប្រកួតស្ទើរតែទាំងស្រុង ដោយអាចគ្រប់គ្រងបាល់ដល់ទៅ ៧៧ ភាគរយ មានឱកាសស៊ុតដល់ទៅ៣៣ដង ខណៈ Arsenal មានឱកាសស៊ុតត្រឹមតែ៥ដង។

លេងបាន៩នាទី Erling Haaland បានរកគ្រាប់បើកឆាក អោយក្រុមម្ចាស់ផ្ទះ ដែលជាគ្រាប់បាល់ទី១០០របស់គេជាមួយ Man City មុនពេល Riccardo Calafiori តាមស្មើអោយ Arsenal វិញ។ នាទី៤៥ Gabriel Magalhães បានស៊ុតគ្រាប់បាល់អោយក្រុមកាំភ្លើងធំនាំមុខវិញ ប៉ុន្តែមុនចប់វគ្គទី១ Arsenal ត្រូវសល់គ្នាតែ១០នាក់ក្រោយពី Leandro Trossard ត្រូវពិន័យកាតលឿងទី២ ស្មើកាតក្រហមត្រូវបណ្តេញចេញពីទីលាន។

នៅវគ្គទី២ ក្រុមទាំងសងខាងបន្តវាយសម្រុកដាក់គ្នា ដោយក្នុងនោះទោះសល់គ្នាតែ១០នាក់ តែ Arsenal អាចរក្សាសំណាញ់ទីរបស់ខ្លួន ល្អមែនទែន។ ទាល់តែចុងម៉ោង ទើប John Stones អាចរកគ្រាប់បាល់អោយ Man City តាមស្មើទាំងប្រផុតប្រផើយ មុនចប់ការប្រកួត។

ក្រោយឃើញទម្រង់លេងរបស់គូប្រកួត Arsenal មានភាពល្អប្រសើរ លោក Pep Guardiola បាននិយាយថា Arseanal គឺជាគូប្រជែងធំរបស់ Man City នៅក្នុងការប្រជែងពាន Premier League ។

លោក Pep Guardiola បានថ្លែងដូច្នេះ “ គ្រប់គ្នានៅ Man City ពិតជាដឹងច្បាស់ថា Arsenal ពេលនេះជាគូប្រជែងដ៏សំខាន់។ យើងហាក់ដូចជាកំពុងប្រយុទ្ធជាមួយក្រុមដែលមានឆន្ទៈខ្ពស់។”

បុរសវ័យ ៥៣ឆ្នាំ បន្តថា “ Arsenal ជាគូប្រជែងដ៏ធំរបស់យើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ពួកគេមានចំណុចពិសេស ពួកគេបានធ្វើរឿងល្អជាច្រើនក្នុងទីលានសម្រាប់ក្រុមរបស់ពួកគេ។ ពួកគេជាផ្នែកមួយក្នុងការបង្អាក់ដំណើររបស់យើងក្នុងការឈ្នះជើងឯក។”

ទោះចែកគ្នាម្នាក់ ១ ពិន្ទុ Man City នៅតែឈរនៅលេខ១ជាបណ្ដោះអាសន្នដដែល មាន១៣ពិន្ទុ ខណៈArsenal ស្ថិតនៅលេខរៀងទី៤ក្នុងតារាង មាន១១ពិន្ទុ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង