អភិបាលក្រុង Manchester លោក Andy Burnham បានបញ្ជាក់ថា គ្មានថវិការរដ្ឋបាលសាធារណៈណាមួយនឹងពាក់ព័ន្ធជាមួយផែនការរបស់ ក្លិប Man UTD សម្រាប់ការជួសជុលកីឡដ្ឋាន Old Trafford ឬការកសាងកីឡដ្ឋានថ្មីនោះទេ។
ជាការពិត លោក Andy Burnham មានភាពរីករាយជាមួយគម្រោងរបស់ក្លិប Man UTD សម្រាប់ការជួសជុលកីឡដ្ឋាន Old Trafford ឬការកសារកីឡដ្ឋានថ្មី ព្រោះវានឹងជួយអភិវឌ្ឈន៍តំបន់នៅជុំវិញនោះ ដែលរួមមានផ្ទះ មជ្ឈមណ្ឌលផ្សារទំនើប និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈថ្មី។
ម្ចាស់ក្លិបបិសាចក្រហម បច្ចុប្បន្នកំពុងពិចារណាថា តើត្រូវបន្តផែនការតម្លៃ ២ពាន់លានផោនសម្រាប់កីឡដ្ឋានថ្មីដែលមានកៅអី១០ម៉ឺនកន្លែង ឬអភិវឌ្ឍឡើងវិញនូវកីឡដ្ឋាន Old Trafford ដែលមានស្រាប់។ ទោះជាយ៉ាងណា ចំណតរថភ្លើងដឹកទំនិញដែលស្ថិតនៅខាងក្រោយកីឡដ្ឋាន Old Trafford ចាំបាច់ត្រូវផ្លាស់ប្តូរទីតាំង ដើម្បីបង្កើតកន្លែងសម្រាប់ការពង្រីកណាមួយ ហើយលោក Burnham បានស្នើថា ការផ្លាស់ប្តូរនោះ នឹងមិនប្រើប្រាស់ថវិកាសាធារណៈរបស់រដ្ឋបាលនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់ក្លិប។
កីឡដ្ឋាន Old Trafford ដែលបច្ចុប្បន្នមានសមត្ថភាពផ្ទុកបាន ៧ម៉ឺន ៤ពាន់កៅអី គឺជាទីលានប្រកួត របស់ ក្លិប Man UTD តាំងពីឆ្នាំ ១៩១០មក។ Man UTD កន្លងមក ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការជួសជុសកីឡដ្ឋាន Old Trafford អោយមានភាពល្អប្រសើរជាងមុន អមជាមួយនឹងសំណើរកសាងកីឡដ្ឋានថ្មីតែម្តង។ ទាក់ទងទៅនឹងគ្រោងការសាងសង់កីឡដ្ឋានថ្មីរបស់ក្លិបរហស្សនាមបិសាចក្រហម សំណើជាច្រើនត្រូវបានធ្វើឡើង រួមទាំងការស្នើអោយវាយកម្ទេចកីឡដ្ឋាន Old Trafford ចាស់ចោល ខណៈមានសំណើមួយចំនួនផ្សេងទៀត លើកយកមកជជែកក្នុងការរក្សាកីឡដ្ឋាននេះអោយនៅដដែល។ យ៉ាងណា បើតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail ក្លិប Man UTD កំពុងតែត្រៀមខ្លួនក្នុងការបោះបង់ចោលគម្រោងរក្សាកីឡដ្ឋាន Old Trafford ប្រសិនបើក្រុមប្រឹក្សាក្លិបសម្រេចចិត្តកសាងកីឡដ្ឋានថ្មី។
ក្លាយជាម្ចាស់ភាគហ៊ុនក្លិប Man UTD មួយចំណែក លោក Jim Ratcliffe ចង់បានការសម្រេចចិត្តចុងក្រោយពីសំណាក់គណៈគ្រប់គ្រងក្លិប ចំពោះគ្រោងការជួសជុល ឬក៏សាងសង់កីឡដ្ឋានថ្មី អោយបាននៅត្រឹមចុងឆ្នាំ ២០២៤។ មហាសេដ្ឋីអង់គ្លេសដដែល ក៏រំពឹងថា ក្លិប Man UTD អាចនឹងបញ្ចប់ផែនការរយៈពេលវែងនានាដែលខ្លួនបានគ្រោងទុក រួមទាំងគម្រោងកីឡដ្ឋាន ធ្វើអោយបានសម្រេចនៅត្រឹមឆ្នាំ ២០៣០៕