សាជីវកម្ម The Friedkin Group ដែលជាម្ចាស់ក្លិបអ៊ីតាលី AS Roma បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Blue Heaven Holdings ជុំវិញលក្ខខណ្ឌនៃការទិញលក់ភាគហ៊ុនធំរបស់ម្ចាស់ក្លិប Everton លោក Farhad Moshiri។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League ។
The Friedkin Group ធ្លាប់ចង់ទិញក្លិប Everton រួចម្តងហើយ កាលពីខែមិថុនា កន្លងទៅ ប៉ុន្តែក៏បានអាក់ខានទៅវិញ ក្រោយមិនអាចឈានដល់កិច្ចព្រមព្រៀងរួមគ្នា។ យ៉ាងណា ពេលនេះភាគីទាំងអស់ កំពុងស្ថិតក្នុងការពិភាក្សាផ្តាច់មុខដើម្បីទិញភាគហ៊ុនក្លិប Everton បន្ទាប់ពីកិច្ចព្រមព្រៀងទិញយកជាមួយក្រុមហ៊ុន 777 Partners បានធ្លាក់ចុះ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានអោយដឹងថា កិច្ចព្រមព្រៀងនេះគឺ ស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិរួមរបស់ ស្ថាប័ន Premier League, សមាគមបាល់ទាត់អង់គ្លេស FA និងអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុផងដែរ។
កាលពីឆ្នាំមុន ក្រុមហ៊ុន 777 Partners ដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមហាសេដ្ឋីអង់គ្លេសកាត់អ៊ីរ៉ង់ លោក Farhad Moshiri ដើម្បីទទួលបានភាគហ៊ុន ៩៤,១ ភាគរយ នៅក្នុងក្លិប Everton នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៥៥០ លានផោន ។ លោក Moshiri ដែលជាអតីតម្ចាស់ភាគហ៊ុនរបស់ក្លិប Arsenal ដំបូងបានទិញភាគហ៊ុន ៤៩,៩ ភាគរយនៅក្លិប Everton ក្នុងឆ្នាំ ២០១៦។ នៅខែមករាឆ្នាំ ២០២២ លោកបានបង្កើនភាគហ៊ុននៅក្លិប Everton ដល់ ៩៤,១ ភាគរយ។ សម្រាប់ការចរចាជាមួយ ក្រុមហ៊ុន 777 Partners ត្រូវបានរំពឹងថានឹងបិទនៅចុងឆ្នាំ ២០២៣ ប៉ុន្តែវាត្រូវបានពន្យារពេលព្រោះតែក្រុមហ៊ុន 777 Partners មិនអាចបំពេញតាមលក្ខខណ្ឌចង់បានពីស្ថាប័ន Premier League ។ បន្ថែមពីនេះ ក្រុមហ៊ុន 777 Partners ត្រូវបានមើលឃើញថា ប្រឈមនឹងការក្ស័យធន បន្ទាប់ពីមានបណ្តឹងជាបន្តបន្ទាប់ ការចោទប្រកាន់ពីការក្លែងបន្លំ និងការពន្យារពេលការបង់ប្រាក់កាលពីឆ្នាំមុន។
បញ្ហានេះនាំអោយមានការប៉ះពាល់ដល់ហរិញ្ញវត្ថុរបស់ក្លិប Everton។ ដូច្នេះហើយក្លិប Everton បានជួបប្រទះបញ្ហាធំ គឺប្រឈមនឹងការកាត់ទៅលីគក្រោម កាលពីរដូវកាលមុន បន្ទាប់ពីត្រូវបានកាត់ពិន្ទុ២ដងសម្រាប់ការបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព PSR របស់ស្ថាប័ន Premier League ។ ទោះបែបនេះក្តី Everton បានតស៊ូរហូតអាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៥ ដើម្បីធានាបាននូវកៅអីនៅក្របខណ្ឌ Premier League ជាបន្តទៀត៕