ខ្សែបម្រើ Rodri ទំនងត្រូវខកខានជួយក្រុម Man City ក្នុងការប្រកួតសេសសល់ក្នុងរដូវកាល ២០២៤-២៥ នេះ ដោយសារតែរបួសដាច់សរសៃ ACL ជង្គង់ខាងស្តាំ។
កីឡាករអេស្ប៉ាញ បានទទួលរងរបួសនេះ នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី៥ ដែលក្រុម Man City ស្មើគ្នាទល់នឹងក្រុម Arsenal ដោយលទ្ធផល ២-២។
បើតាមប្រភពពី ESPN បានអោយដឹងថា របួសរបស់ Rodri អាចនឹងតម្រូវអោយរូបគេសម្រាកព្យាបាល១រដូវកាល។ លទ្ធផលនេះត្រូវបានពិនិត្យ និងចេញជាផ្លូវការដោយក្រុមគ្រូពេទ្យរបស់ក្លិប ដូច្នេះគេត្រូវការពេលយ៉ាងតិចមួយឆ្នាំដើម្បីព្យាបាល។
Rodri ជាខ្សែបម្រើការពារល្អបំផុតក្នុងលោកនាពេលបច្ចុប្បន្ន និងជាបេក្ខភាពឈ្នះពាន Ballon d’Or រដូវកាលនេះ។
កាលពីរដូវកាល២០២៣គេបានបំបែកកំណត់ត្រា៥០ប្រកួតមិនចាញ់សោះ ក្នុងការបង្ហាញខ្លួនលើទីលានរបស់គេក្នុងក្រុម និងបានជួយ Man City ឈ្នះពាន Premier League និងជួយ អេស្ប៉ាញ ឈ្នះពានរង្វាន់ UEFA Euro 2024។
អវត្តមានរបស់ កីឡាករ វ័យ២៨ឆ្នាំអាចក្លាយជាផលប៉ះពាល់ដ៏ធំមួយសម្រាប់ Man City ដ្បិតរូបគេជាកីឡាករសំខាន់ក្នុងគម្រោងរបស់គ្រូបង្វឹក ក្រុម Man City លោក Pep Guardiola ខណៈដែលក្រុមមេឃខៀវ មានមហិច្ឆតាយ៉ាងធំគឺការឈ្នះពានរង្វាន់ UEFA Champions League សាជាថ្មីនៅរដូវកាលនេះ។
ទាក់ទិននឹងរឿងនេះ លោក Pep Guardiola បានអោយដឹងថា “ Rodri គឺជាបុរសខ្លាំង តែប្រសិនបើគេចាកចេញពីទីលាន វាមានន័យថាស្ថានភាពរបស់គេធ្ងន់ធ្ងរ។ ជាមួយនឹងវត្តមានរបស់គេ គេគឺជាខ្សែបម្រើល្អបំផុតក្នុងពិភពលោក ប៉ុន្តែ របួសអាចប៉ះពាល់ដល់ការលេងរបស់គេ។ ហើយខ្ញុំសោកស្តាយចំពោះបញ្ហាដែលកើតឡើង។”
ដោយឡែក សម្រាប់ការវះកាត់ព្យាបាលរបួសរបស់ Rodri គឺនឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញ ហើយរំពឹងថា រូបគេនឹងធ្វើការសម្រាករហូតដល់ចប់រដូវកាលតែម្តង៕