ខ្សែការពារ Yerson Mosquera របស់ក្រុម Wolverhampton Wanderers ត្រូវបានគេរំពឹងថានឹងអវត្តមានពេញមួយរដូវកាលដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។
កីឡាករកូឡុំប៊ី បានប៉ះទង្គិចជាមួយកីឡាករគូប្រជែង Morgan Rogers ហើយក៏ត្រូវបានប្តូរចេញពីទីលាននៅនាទី ៨២ នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ៥ ដែល Wolverhampton ចាញ់ Aston Villa ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Villa Park ។
Yerson Mosquera បានធ្វើការស្កែនត្រួតពិនិត្យ ដើម្បីកំណត់ពីភាពធ្ងន់ធ្ងរនៃរបួស ហើយលទ្ធផលចេញមកគឺរូបគេនឹងត្រូវការវះកាត់ ព្យាបាល និងត្រូវសម្រាកពីទីលានរយៈពេលយូរ។
ទាក់ទិននឹងរឿងនេះ ថ្នាក់ដឹកនាំរបស់ Wolves លោក Phil Hayward បាននិយាយថា “ឥឡូវនេះ Yerson បានធ្វើការវាយតម្លៃ និងការស្គេនត្រួតពិនិត្យផ្សេងៗ ដែលបញ្ជាក់ពីការរងរបួសដល់សរសៃពួរ MCL និងសរសៃពួរ ACL។ យើងនឹងទៅជួបអ្នកឯកទេសនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបញ្ចប់ផែនការសម្រាប់ការវះកាត់ ហើយវានឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។”
លោក Phil Hayward បន្តថា “ទំហំពេលវេលាគឺពិបាកក្នុងការបញ្ជាក់មុនពេលវះកាត់ ប៉ុន្តែវាប្រហែលមិនអាចទៅរួចទេ ដែល Yerson Mosquera នឹងអាចបង្ហាញខ្លួនម្តងទៀតនៅរដូវកាលនេះ។”
កីឡាករវ័យ២៣ ឆ្នាំ បានចាប់ផ្តើមការប្រកួតក្របខណ្ឌ Premier League ២០២៤-២៥ ទាំង៥ ប្រកួតដំបូងរបស់ Wolves នៅរដូវកាលនេះ បន្ទាប់ពីបានចំណាយពេលកាលពីឆ្នាំមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Villarreal ក្នុងក្របខណ្ឌ La Liga ។
Wolves មានការខ្វះខាតខ្សែការការពាររួចទៅហើយ ដោយបានបរាជ័យក្នុងការស្វែងរកកីឡាករមកជំនួសប្រធានក្រុម Max Kilman ដែលផ្ទេរទៅ West Ham តម្លៃ ៤០ លានផោនកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅ។ បញ្ហារបួសរបស់ Yerson Mosquera បានបន្ថែមបន្ទុកទៅលើ គ្រូបង្វឹក លោក Gary O’Neil ដែលកំពុងធ្វើមិនបានល្អនៅក្របខណ្ឌ Premier League៕