×

គ្រូ Man City ថា នឹងមិនយកបញ្ហារបស់ Rodri ជាលេសពេលក្រុមធ្វើមិនបានល្អទេ

គ្រូបង្វឹក លោក Pep Guardiola បានប្តេជ្ញាថា ក្រុមរបស់លោក នឹងមិនប្រើអវត្តមានរយៈពេលវែងរបស់ខ្សែបម្រើ Rodri មកធ្វើជាលេស ពេល Man City ធ្វើមិនបានល្អ ក្នុងប្រជែងការពារតំណែងជើងឯកក្របខណ្ឌ Premier League របស់ពួកគេនោះទេ។

Rodri ទំនងត្រូវខកខានជួយក្រុម Man City ក្នុងការប្រកួតសេសសល់ក្នុងរដូវកាល ២០២៤-២៥ នេះ ដោយសារតែរបួសដាច់សរសៃ ACL ជង្គង់ខាងស្តាំ។ កីឡាករអេស្ប៉ាញ បានទទួលរងរបួសនេះ នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី៥ ដែលក្រុម Man City ស្មើគ្នាទល់នឹងក្រុម Arsenal ដោយលទ្ធផល ២-២។

របួសរបស់ Rodri អាចនឹងតម្រូវអោយរូបគេសម្រាកព្យាបាល១រដូវកាល។ លទ្ធផលនេះត្រូវបានពិនិត្យ និងចេញជាផ្លូវការដោយក្រុមគ្រូពេទ្យរបស់ក្លិប ដូច្នេះគេត្រូវការពេលយ៉ាងតិចមួយឆ្នាំដើម្បីព្យាបាល។

អវត្តមានរបស់ កីឡាករ វ័យ២៨ឆ្នាំ អាចក្លាយជាផលប៉ះពាល់ដ៏ធំមួយសម្រាប់ Man City ដ្បិតរូបគេជាកីឡាករសំខាន់ក្នុងគម្រោងរបស់គ្រូបង្វឹក លោក Pep Guardiola ខណៈដែលក្រុម Man City មានមហិច្ឆតាយ៉ាងធំគឺការឈ្នះពានរង្វាន់ Premier League និង UEFA Champions League សាជាថ្មីនៅរដូវកាលនេះ។

ដោយសារស្ថានភាពរបួសរបស់ Rodri បានលោក Pep Guardiola មានការព្រួយបារម្ភ និងសង្ឃឹមថា រូបគេនឹងអាចធូរស្រាលពីភាពឈឺចាប់ឆាប់ៗ។ រីឯរឿងទាក់ទងនិង ទម្រង់របស់ក្រុមវិញ គ្រូបង្វឹកជនជាតិអេស្ប៉ាញ នៅតែជឿជាក់លើកីឡាករទាំងអស់ ហើយលោកបញ្ជាក់ថា ប្រសិនបើក្រុមធ្វើមិនបានល្អ នោះវាមិនទាក់ទងនិងអវត្តមានរបស់ Rodri នោះទេ។

លោក Pep Guardiola បានអោយដឹងដូច្នេះ “ខ្ញុំមិនចង់បានស្ថានភាពបែបនេះទេ ព្រោះយើងកំពុងមានរដូវកាលដ៏ល្អ។ Rodri គឺមិនអាចមានអ្នកជំនួសបានទេ ហើយក្រុមនឹងមិនលេងជាមួយខ្សែបម្រើល្អបំផុតក្នុងពិភពលោករយៈពេលយូរ។ វាជាការប៉ះពាល់ដ៏ធំមួយ។”

លោក Pep បន្តថា “ប៉ុន្តែវាជាបាល់ទាត់ រឿងនេះវាត្រូវតែកើតឡើង ហើយកាតព្វកិច្ចរបស់ខ្ញុំគឺស្វែងរកដំណោះស្រាយ។ ខ្ញុំជឿជាក់ខ្លាំងលើកីឡាកររបស់ខ្ញុំ តែបើការប្រកួតរបស់យើងមិនល្អ វាមិនមែនមកពីអវត្តមាន Rodri តែវាជាបញ្ហារបស់យើង។”

សម្រាប់ការវះកាត់ព្យាបាលរបួសរបស់ Rodri គឺនឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញ ហើយរំពឹងថា រូបគេនឹងធ្វើការសម្រាករហូតដល់ចប់រដូវកាលតែម្តង។

ដោយឡែក នៅក្នុងយុទ្ធនាការប្រជែងការពារតំណែងជើងឯក Premier League របស់ Man City គឺពួកគេមានលទ្ធផលដោយ៥ប្រកួតឈ្នះ ៤ ស្មើ ១ មាន ១៣ពិន្ទុ ឈរកំពូលតារាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង