ក្លិប Everton កំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការចរចាទិញលក់ភាគហ៊ុនក្នុងការកាន់កាប់ក្លិបនៅតំបន់ Merseyside មួយនេះ ហើយប្រសិនបើត្រូវផ្លាស់ប្តូរម្ចាស់ថ្មី នោះពួកគេអាចនឹងនាំយកលោក Gareth Southgate មកធ្វើជាគ្រូបង្វឹកជំនួសតំណែងលោក Sean Dyche។
សាជីវកម្ម The Friedkin Group ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាម្ចាស់ក្លិបអ៊ីតាលី AS Roma បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Blue Heaven Holdings ជុំវិញលក្ខខណ្ឌនៃការទិញលក់ភាគហ៊ុនធំរបស់ម្ចាស់ក្លិប Everton លោក Farhad Moshiri។
The Friedkin Group ធ្លាប់ចង់ទិញក្លិប Everton រួចម្តងហើយ កាលពីខែមិថុនា កន្លងទៅ ប៉ុន្តែក៏បានអាក់ខានទៅវិញ ក្រោយមិនអាចឈានដល់កិច្ចព្រមព្រៀងរួមគ្នា។ យ៉ាងណា ពេលនេះភាគីទាំងអស់ កំពុងស្ថិតក្នុងការពិភាក្សាផ្តាច់មុខដើម្បីទិញភាគហ៊ុនក្លិប Everton បន្ទាប់ពីកិច្ចព្រមព្រៀងទិញយកជាមួយក្រុមហ៊ុន 777 Partners បានធ្លាក់ចុះ។ Friedkin Group ដែលដឹកនាំដោយលោក Dan Friedkin បានឈានដល់កិច្ចព្រមព្រៀងទិញភាគហ៊ុនធំរបស់ម្ចាស់ក្លិប Everton លោក Farhad Moshiri ៩៤,១ ភាគរយ កាលពីដើមសប្តាហ៍នេះ។
លោក Friedkin មានទ្រព្យសម្បត្តិសុទ្ធចំនួន ៥,៧ ពាន់លានផោន ហើយបើក្លាយជាម្ចាស់ថ្មី នោះលោកនឹងអនុញ្ញាតអោយ Everton ផ្ទេរទៅកីឡដ្ឋានថ្មី ដោយមិនជំពាក់បំណុល នៅឆ្នាំក្រោយ។ បន្ថែមពីនេះ លោក Friedkin អាចនឹងបញ្ចប់តំណែងលោក Sean Dyche ហើយជ្រើសរើសលោក Gareth Southgate មកជាគ្រូបង្វឹកថ្មីវិញ។
លោក Sean Dyche ដឹកនាំ Everton ទទួលលទ្ធផលមិនល្អទេនៅរដូវកាលនេះ ដោយ ៥ប្រកួតដំបូងនៃក្របខណ្ឌ Premier League ពួកគេចាញ់ ៤ ដង ស្មើ១ ដង និងកំពុងឈរលេខ១៩ មានតែ១ពិន្ទុ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Sean Dyche នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ដែលមានន័យថា Everton នឹងតម្រូវបង់សំណងតិចតួចប៉ុណ្ណោះ ប្រសិនបើពួកគេបណ្តេញលោកចេញពីតំណែង។
សម្រាប់ លោក Gareth Southgate វិញ មិនទាន់មានការងារនោះទេ ចាប់តាំងពីបានចាកចេញពីតួនាទីរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសកាលពីខែកក្កដា ភ្លាមៗបន្ទាប់ពីក្រុមតោកំណាចបានរងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024 ដែលជាការខកចិត្តជាលើកទី២ជាប់ៗគ្នា។
លោក Southgate បានធ្វើការដោយផ្ទាល់នៅសមាគមបាល់ទាត់អង់គ្លេស FA អស់រយៈពេលជាងមួយទសវត្សមកហើយ ដោយធ្លាប់បានចំណាយពេល៣ឆ្នាំក្នុងការដឹកនាំក្រុម U21 របស់អង់គ្លេស។ ការងារដែលមិនពាក់ព័ន្ធជាមួយក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Southgate នោះគឺការដឹកនាំក្លិប Middlesbrough ចាប់ពីឆ្នាំ ២០០៦-០៩៕