ក្លិប Man UTD បានបង្ហាញពីគម្រូកីឡដ្ឋានថ្មី ដែលមានតម្លៃប្រមាណ ២ពាន់លានផោន នៅក្នុងការសាងសង់។
ជាការពិត ក្លិប Man UTD បានត្រៀមកសាងកីឡដ្ឋានថ្មីឈ្មោះកីឡដ្ឋាន Wembley ឬ Wembley of The North ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ១០ម៉ឺននាក់។ កីឡដ្ឋាន Old Trafford ដែលមានអាយុកាល ១១៤ឆ្នាំ អាចនឹងត្រូវជួសជុលបន្ថយចំនួនផ្ទុកមនុស្សអោយមកនៅត្រឹម ៣ម៉ឺននាក់ សម្រាប់ធ្វើជាផ្ទះរបស់ក្រុមនារី និងក្រុមយុវជន ឬអាចនឹងត្រូវកម្ទេចចោលតែម្តង។
Man UTD កន្លងមក ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការជួសជុសកីឡដ្ឋាន Old Trafford ឱ្យមានភាពល្អប្រសើរជាងមុន អមជាមួយនឹងសំណើកសាងកីឡដ្ឋានថ្មីតែម្តង។
ចាប់តាំងពី លោក Jim Ratcliffe ក្លាយជាម្ចាស់ភាគហ៊ុនក្លិប Man UTD មួយចំណែក លោកក៏បានបង្ហាញគម្រោងការដំបូងគេបង្អស់គឺការអភិវឌ្ឍកីឡដ្ឋានថ្មី សម្រាប់ក្លិប Man UTD។
ឥឡូវនេះ ក្លិបបិសាចក្រហម បានបញ្ចេញគម្រូ កីឡដ្ឋានថ្មីរបស់ពួកគេ ដែលក្រៅពីជាកីឡដ្ឋានដែលមានទំហំធំ និង ទំនើបហើយ វានឹងក្លាយជាទីតាំងកម្សាន្ត និងបង្កើនការអភិវឌ្ឈនានានៅតំបន់ជុំវិញនោះថែមទៀត។ បន្ថែមពីនេះ កីឡដ្ឋានថ្មីរបស់ ក្លិប Man UTD ត្រូវបានអះអាង នឹងត្រូវសាងសង់ដោយរក្សារសជាតិ បែបកីឡដ្ឋាន Old Trafford ដែលជាអត្តសញ្ញាណដ៏ល្បីរន្ទឺរបស់ក្លិប។
ដោយឡែក ទាក់ទងទៅនឹងគ្រោងការសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Man UTD សំណើជាច្រើនត្រូវបានធ្វើឡើង រួមទាំងការស្នើអោយវាយកម្ទេចកីឡដ្ឋាន Old Trafford ចាស់ចោល ខណៈមានសំណើមួយចំនួនផ្សេងទៀត ចង់រក្សាកីឡដ្ឋាននេះអោយនៅដដែល។ ទោះយ៉ាងណា សារពត៌មាន Daily Mail អោយដឹងថា ក្លិប Man UTD កំពុងតែត្រៀមខ្លួនក្នុងការបោះបង់ចោលគម្រោងរក្សាកីឡដ្ឋាន Old Trafford ប្រសិនបើក្លិបសម្រេចកសាងកីឡដ្ឋានថ្មី។
ពីមុនមកលោក Ratcliffe ចង់បានការសម្រេចចិត្តចុងក្រោយពីគណៈគ្រប់គ្រងក្លិប ចំពោះគ្រោងការជួសជុស ឬក៏សាងសង់កីឡដ្ឋានថ្មី អោយបាននៅត្រឹមចុងឆ្នាំ ២០២៤។ មហាសេដ្ឋីអង់គ្លេសរូបនេះ ក៏រំពឹងថា ក្លិប Man UTD អាចនឹងបញ្ចប់ផែនការរយៈពេលវែងនានាដែលខ្លួនបានគ្រោងទុក រួមទាំងគម្រោងកីឡដ្ឋាន ធ្វើអោយបានសម្រេចនៅត្រឹមឆ្នាំ ២០៣០។
សូមបញ្ជាក់ថា កីឡដ្ឋាន Old Trafford បានដាក់អោយប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ ១៩១០ មក ដោយកីឡដ្ឋាន បានធ្វើការកែប្រែជួលជុលចំនួន១០លើករួចមកហើយ។ វាជាកីឡដ្ឋានដែលអាចផ្ទុកបាន ៧ម៉ឺន ៤ពាន់កៅអី និងជាកីឡដ្ឋានបាល់ទាត់ធំទី២ នៅអង់គ្លេស បន្ទាប់ពីកីឡដ្ឋាន Wembley ៕