×

គ្រូ Man UTD ថា ការប្រកួតមមាញឹកពេកនាំអោយកីឡាករធ្វើការហួសកម្លាំង

ការប្រកួតដ៏មមាញឹកពេក បណ្តាលអោយកីឡាករល្អៗជាច្រើនធ្វើការហួសកម្លាំង ដែលធ្វើអោយពួកគេតែងតែជួបប្រទះបញ្ហារបួសជាញឹកញាប់។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹក Man UTD លោក Erik ten Hag។

ជាការពិត ក្រុមបិសាចក្រហមដែលទើបតែបញ្ចប់ការប្រកួត ក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ ដោយលទ្ធផលស្មើគ្នា ០-០ ទល់នឹងក្រុម Crystal Palace នោះ កំពុងត្រៀមខ្លួន ប្រកួតជាបន្តក្នុងពានរង្វាន់ UEFA Europa League ដោយត្រូវប៉ះក្រុមហូឡង់ Twente។

ទោះយ៉ាងណា លោក Erik ten Hag បានបង្ហាញពីការមិនពេញចិត្តទេ ដែលកីឡាកររបស់លោក ត្រូវចូលរួមការប្រកួតជាបន្ត ដោយមិនមានពេលសម្រាកបានច្រើនគ្រប់គ្រាន់។

កាលពីរដូវកាលមុន ការប្រកួតបាល់ទាត់សម្រាប់ក្រុមនានានៅអង់គ្លេស ត្រូវបានកត់ត្រា ថាមានការប្រកួតមមាញឹកបំផុត។ ក្រុមនៅលីគកំពូលអង់គ្លេសជាមធ្យមត្រូវឆ្លងកាត់ការប្រកួតដល់ទៅ៨៧ដង ហើយរយៈពេលសម្រាករបស់ពួកគេបានត្រឹម ៦៧ ម៉ោងប៉ុណ្ណោះ។

សម្រាប់ Man UTD វិញ បានជួបគម្លាតម៉ោងនៃការប្រកួតតិចបំផុតកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយពេលពួកគេបានប្រកួតឈ្នះ Fulham នៅក្នុងក្របខណ្ឌ Premier League ហើយ ពួកគេមានពេលសម្រាក និង ពេលត្រៀមខ្លួនតែ ៦៤ម៉ោង ១៥នាទីប៉ុណ្ណោះ មុនពេលពួកគេត្រូវចូលរួមការប្រកួត១ទៀតគឺការប្រកួត EFL Cup ដែលបានចាញ់ក្រុម Newcastle United។

ឧទាហរណ៍ជាក់ស្តែង ដូចជា ខ្សែបម្រើ Rodri របស់ក្រុម Man City ដែលត្រូវឆ្លងកាត់ការប្រកួតច្រើនពេក ទីបំផុតរាងកាយរបស់គេមិនអាចទ្រាំទ្របានក៏រងរបួស ហើយត្រូវរំពឹងថា នឹងសម្រាកដល់ចប់រដូវកាល។ បញ្ហានេះហើយ ទើបលោក Erik ten Hag គ្រូបង្វឹក Man UTD បានសម្តែងការមិនពេញចិត្តចំពោះកាលវិភាគការប្រកួតដ៏ច្រើនដែលដាក់បន្ទុកទៅលើកីឡាករ។

គ្រូបង្វឹកជនជាតិហូឡង់បានថ្លែងអោយដឹងថា “ មែនហើយ យើងមានការប្រកួតច្រើនពេកហើយ។ សម្រាប់កីឡាករគ្រប់រូប ការប្រកួតដ៏ច្រើនមមាញឹកបែបនេះ ធ្វើអោយពួកគេធ្វើការហួសកម្លាំង នាំអោយប៉ះពាល់ដល់រាងកាយ ហើយវាមិនល្អសម្រាប់វិស័យបាល់ទាត់ទេ។”

បុរសវ័យ ៥៤ឆ្នាំបន្តថា “ ទោះយ៉ាងណា នេះជាអ្វីដែលយើងត្រូវជួបប្រទះ ហើយខ្ញុំមិនចង់ជួបស្ថានការណ៍បែបនេះទេ ខ្ញុំចង់មានការផ្លាស់ប្តូរ ប៉ុន្តែក្លិបតែមួយ ឬ គ្រូបង្វឹក មិនអាចធ្វើបានទេ គឺយើង ត្រូវរួមគ្នាផ្លាស់ប្តូរ ដើម្បីស្វែងរកតុល្យភាពមួយ។”

កាលពីខែកក្កដាកន្លងទៅ សមាគមន៍កីឡាករបាល់ទាត់អាជីព FIFPRO បានអះអាងថា ពួកគេនឹងធ្វើការប្រឆាំងស្ថាប័ន FIFA ចំពោះការអនុញ្ញាតអោយបង្កើតប្រតិទិននៃការប្រកួតច្រើនខ្លាំងពេក ដែលនាំអោយប៉ះពាល់ដល់សុខភាពកីឡាករ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង