×

Chelsea ចរចាជាមួយក្រុមហ៊ុនធំៗ៣ដើម្បីស្វែងរកម្ចាស់ឧបត្ថម្ភថ្មី

មានការរាយការណ៍អោយដឹងថា ក្លិប Chelsea នៅក្របខណ្ឌ Premier League កំពុងធ្វើការចរចា ជាមួយក្រុមហ៊ុនធំៗចំនួន៣ ដោយក្នុងនោះ រួមមានក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ផងដែរ ដើម្បីស្វែងរកម្ចាស់ឧបត្ថម្ភថ្មីនៅលើអាវរបស់ក្រុមកីឡាករ។

បន្ទាប់ពីកិច្ចសន្យាជាមួយក្រុមហ៊ុន Infinite Athlete បានបញ្ចប់កាលពីខែកក្កដាមក កីឡាករក្រុមតោខៀវ បានចាប់ផ្តើមការប្រកួតរដូវកាលថ្មី ២០២៤-២៥ ដោយមិនទាន់មានម្ចាស់ឧបត្ថម្ភនៅលើអាវក្រុមកីឡាកររបស់ពួកគេឡើយ ។

ការដែល Chelsea ពិបាកស្វែងរកម្ចាស់ឧបត្ថម្ភថ្មីលើអាវក្រុមកីឡាករ ដោយសារពួកគេមិនមានកៅអីលេងពានរង្វាន់ UEFA Champions League។ ទោះយ៉ាងណា ពេលនេះ Chelsea កំពុងធ្វើការចរចាជាមួយក្រុមហ៊ុនធំៗ ចំនួន៣ ដោយក្នុងនោះក្រុមហ៊ុន Qatar Airways មានភាពលេចធ្លោជាងគេ ហើយរំពឹងថា ការចរចានឹងអាចស្វែងរកកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ។

គោលបំណងរបស់ក្លិប Chelsea នោះគឺផ្តោតលើការធានាកិច្ចសន្យារយៈពេលវែងសម្រាប់រដូវកាលបច្ចុប្បន្ន ប៉ុន្តែការស្វែងរកម្ចាស់ឧបត្ថម្ភដែលសមស្របត្រឹមត្រូវជាមួយក្រុមបានបង្ហាញពីការលំបាក ដោយសារឧបសគ្គចម្បងក្នុងការចរចាគឺដោយសារពួកគេបានត្រឹមកៅអីលេងពានរង្វាន់អឺរ៉ុបកម្រិតទី៣ UEFA Conference League ។

កត្តានេះបានកាត់បន្ថយការអំពាវនាវរបស់ពួកគេចំពោះក្រុមហ៊ុនអ្នកឧបត្ថម្ភធំៗ ដែលមានសក្តានុពល ដោយក្រុមហ៊ុនធំៗទាំងនោះមានឆន្ទៈក្នុងការវិនិយោគនៅក្នុងក្រុមដែលលេងនៅក្នុងពានរង្វាន់ដ៏ធំបំផុតរបស់អឺរ៉ុប UEFA Champions League តែប៉ុណ្ណោះ។

បែបនេះក្តី Chelsea ត្រូវបានជឿថា នឹងមិនមានការលំបាកខ្លាំងក្នុងការស្វែងរកម្ចាស់ឧបត្ថម្ភថ្មីលើអាវរបស់ក្រុមកីឡាករឡើយ ដោយយោងទៅលើកេរ្ត៍ឈ្មោះរបស់ក្លិប បូករួមនឹងវត្តមាននៃក្រុមអ្នកគាំទ្រយ៉ាងច្រើនទូទាំងពិភពលោក។

មានការជឿថា ការចរចារបស់ Chelsea ជាមួយក្រុមហ៊ុន Qatar Airways អាចដំណើរការបានរលូន ដ្បិតអីក្រុមហ៊ុនរបស់ប្រទេសកាតាមួយនេះ ជាក្រុមហ៊ុនដែលមានចក្ខុវិស័យផ្តោតការផ្សព្វផ្សាយរបស់ខ្លួនជាមួយក្លិបបាល់ទាត់ល្បីៗរបស់អឺរ៉ុបជាច្រើនមកហើយ ដែលមានដូចជា Paris Saint-Germain, Barcelona និង Inter Milan៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង