មានការរាយការណ៍អោយដឹងថា ក្លិប Man City បច្ចុប្បន្នកំពុងធ្វើការចរចារជាមួយនឹងក្លិប Bayern Munich និងរៀបចំសំណើរួចជាសម្រេចក្នុងការដេញថ្លៃខ្សែបម្រើ Jamal Musiala ។
Man City បានត្រៀមទឹកប្រាក់យ៉ាងធំ ប្រមាណ១០០លានអឺរ៉ូ ដើម្បីនាំយក កីឡាករអាល្លឺម៉ង់ ទៅកាន់កីឡដ្ឋាន Etihad នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ក្នុងគោលបំណងមកបំពេញកន្លែងរបស់ខ្សែបម្រើ Rodri ។
Rodri ត្រូវខកខានជួយ Man City ក្នុងការប្រកួតសេសសល់ក្នុងរដូវកាល ២០២៤-២៥ នេះ ដោយសារតែរបួសដាច់សរសៃ ACL ជង្គង់ខាងស្តាំ។ រូបគេនឹងត្រូវវះកាត់ព្យាបាលរបួស នៅប្រទេសអេស្ប៉ាញ ហើយរបួសនេះធ្វើអោយគេត្រូវសម្រាកព្យាបាលរយៈពេលវែង ដែលមានន័យថា រូបគេត្រូវអវត្តមានរហូតដល់ចប់រដូវកាល។
អវត្តមានរបស់ កីឡាករវ័យ២៨ឆ្នាំអាចក្លាយជាផលប៉ះពាល់ដ៏ធំមួយសម្រាប់ Man City ដ្បិតរូបគេជាកីឡាករសំខាន់ក្នុងគម្រោងរបស់គ្រូបង្វឹក លោក Pep Guardiola ខណៈដែលក្រុមមេឃខៀវ មានមហិច្ឆតាយ៉ាងធំគឺការឈ្នះពានរង្វាន់ UEFA Champions League សាជាថ្មីនៅរដូវកាលនេះ។
ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង និងរក្សាទម្រង់លេងរបស់ក្រុមអោយនៅខ្លាំងដដែលទើប ក្លិប Man City ចាំបាច់ត្រូវស្វែងរកកីឡាករថ្មី ហើយ Jamal Musiala បានក្លាយជាគោលដៅរបស់ពួកគេ។
ជាមួយគ្នានេះ ក្លិប Man City ត្រូវបានគេមើលឃើញជាបេក្ខភាពដែលឈានមុខគេក្នុងការចុះកុងត្រាលើ Jamal Musiala ខណៈកុងត្រាបច្ចុប្បន្នរបស់គេជាមួយ Bayern Munich នឹងផុតសុពលភាពនៅឆ្នាំ២០២៦ ។
មែនទែនទៅ Bayern Munich ចង់ផ្តល់កុងត្រាថ្មីដល់ Jamal Musiala ដែរ ប៉ុន្តែការចរចា ត្រូវបង្អាក់ទៅវិញ ដោយក្លិបអាល្លឺម៉ង់មួយនេះ ចង់ផ្លាស់ប្តូរសមភាពក្រុម បន្ទាប់ពីបានផ្លាស់ប្តូរ នាយកដ្ឋានខាងផ្នែកកីឡារបស់ក្លិបរួចមក។
ទោះបែបនេះក្តី Man City ក៏ប្រហែលជាមានផលលំបាក ដ្បិតក្លិបអេស្ប៉ាញ Real Madrid ក៏ត្រូវបានដឹងថាកំពុងបង្កើនការចាប់អារម្មណ៍ទៅលើ Musiala ដោយគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ជាអ្នកគាំទ្រកីឡាករវ័យ២១ឆ្នាំនិងចង់បានរូបគេទៅរួមក្រុមជាមួយខ្លួន៕