អតីតខ្សែបម្រើឆ្នើមរបស់ Chelsea និង Liverpool លោក Joe Cole ដែលបច្ចុប្បន្នក្នុងនាមជាអ្នកវិភាគពត៌មានកីឡាបាល់ទាត់ប្រចាំទូរទស្សន៍ Sky Sport បានលើកឡើងថា ខ្សែបម្រើ Antony កំពុងស្ថិតក្នុងដំណាក់កាលនៃការខិតកាន់តែកៀកក្នុងការចាកចេញ ពី Man UTD ។
កីឡាករប្រេស៊ីល វ័យ២៤ឆ្នាំ ទើបតែបានចូលលេងអោយ Man UTD ២ដងប៉ុណ្ណោះនៅរដូវកាលនេះ ដោយក្នុងនោះបង្ហាញខ្លួន១ដង ក្នុងការប្រកួតក្របខណ្ឌ Premier League និង ១ដងទៀត ក្នុងពានរង្វាន់ EFL Cup ។
ទាក់ទិននឹងរឿងនេះ លោក Joe Cole បានបញ្ជាក់យ៉ាងដូច្នេះថា “Antony នៅ Man UTD ខុសពីពេលលេងនៅហូឡង់។ ខ្ញុំយល់ថាគេជាកីឡាករដែលមានសមត្ថភាពល្អឥតខ្ចោះសម្រាប់លីគហូឡង់ ទាំងកាយសម្បទា ប៉ុន្តែនៅក្របខណ្ឌ Premier League គេកំពុងតស៊ូយ៉ាងលំបាក និង មិនទាន់អាចសម្របខ្លួនបានទេ។”
បុរសវ័យ៤២ឆ្នាំបន្តថា “ការពិត Antony មានគឺទេពកោសល្យជាមួយនឹងបច្ចេកទេស និងជំនាញដ៏អស្ចារ្យ នោះយើងពិតជាឃើញគេបញ្ចេញចំនុចទាំងអស់នេះ ប៉ុន្តែវាពិបាកសម្រាប់ការលេងរបស់គេនៅអង់គ្លេស។ ដូច្នេះខ្ញុំគិតថាគេត្រៀមខ្លួននិងចាកចេញឆ្ងាយពីក្លិបបន្តិចម្តងៗនៅពេលនេះ។”
Antony គឺជាកីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបិសាចក្រហម បន្ទាប់ពីខ្សែបម្រើ Paul Pogba ដោយការផ្ទេរចូលរបស់គេពីក្លិប Ajax ក្នុងឆ្នាំ ២០២២ មានតម្លៃដល់ទៅ៨២លានផោនឯណោះ។
បែបនេះក្តី Antony បានស៊ុតបញ្ចូលទីបានត្រឹមតែ ៥ គ្រាប់ ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៥៥ ប្រកួតអោយ Man UTD នៅក្នុងជំនួបក្របខណ្ឌ Premier League គិតមកទល់ពេលនេះ ។
កន្លងទៅ លោក Erik ten Hag គ្រូបង្វឹករបស់ Man UTD បាននិយាយថា ខ្សែបម្រើស្លាប Antony ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ ទើបរូបគេទទួលបានសិទ្ធិ និង ឱកាស ដើម្បីលេងនៅលើទីលាន។
កីឡាករក្នុងក្រុម Man UTD ដូចជា Rashford, Garnacho និង Amad សុទ្ធតែបានបញ្ចេញសមត្ថភាពល្អរៀងខ្លួនរួចហើយនៅរដូវកាលនេះ ដែលវាបានបង្កើនសម្ពាធទៅលើ Antony បន្ថែមទៀត។ ប្រសិនបើ Antony នៅតែមិនអាចបញ្ចេញសក្កដានុពលតាមការចង់បាន នោះ Man UTD អាចនឹងពិចារណាបញ្ចេញរូបគេ នៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទីពីរនៅខែមករា ខាងមុខនេះ៕