×

គ្រ Man City ថា មិនខ្ជះខ្ជាយកម្លាំងលើការប្រជែងពាន EFL Cup ទេ

គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា លោកនឹងមិនចំណាយកម្លាំងខ្ជះខ្ជាយដើម្បីយកពានរង្វាន់ EFL Cup នោះទេ។

ការលើកឡើងរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញ គឺបន្ទាប់ពី ក្រុម Man City របស់លោក បានយកឈ្នះ ក្រុមលីគទី២ Watford ដោយលទ្ធផល ២-១ ក្នុងការប្រកួតជុំទី៣ពានរង្វាន់ EFL Cup កាលពីពេលកន្លងទៅ។

ការប្រកួតនាកីឡដ្ឋាន Etihad នោះ លោក Pep Guardiola បានដាក់កីឡាករសំខាន់ៗដូចជា Kyle Walker, John Stones, Jack Grealish, Phil Foden និង Jérémy Doku ជាដើម។ ទោះយ៉ាងណា ក្រោយពីលទ្ធផលនៃការប្រកួតបញ្ចេញមក លោក Pep Guardiola បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការរក្សាកីឡាករសំខាន់ៗ សម្រាប់ការប្រកួតពានរង្វាន់ធំៗ ហើយការប្រកួតពានរង្វាន់ក្នុងស្រុកដូចជាពានរង្វាន់ EFL Cup នេះ លោកមិនចង់ខ្ជះខ្ជាយកម្លាំងរបស់កីឡាករសំខាន់ៗទាំងនោះទេ។

ជុំវិញរឿងនេះ លោក Pep Guardiola បានលើកឡើងថា “នៅវគ្គបន្ទាប់ ខ្ញុំប្រកាសជូនអ្នកគ្រប់គ្នាអោយដឹងថា ខ្ញុំនឹងប្រើក្រុមកីឡាករបម្រុងប៉ុណ្ណោះ។ យើងនឹងមិនចំណាយកម្លាំងអត់ប្រយោជន៍លើពាននេះទេ។ យើងចង់រក្សាកម្លាំងកីឡាកររបស់យើង សម្រាប់ការប្រកួតធំៗវិញ ។”

ពានរង្វាន់ EFL Cup ជាពានរង្វាន់ដែលរៀបចំដោយស្ថាប័នលីគបាល់ទាត់អង់គ្លេស ដែលជាស្ថាប័នគ្រប់គ្រងលីគទាំងអស់នៅក្នុងប្រទេសនេះ។ ពាននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ ដោយមាន ៩២ក្រុមចូលរួម។

តាំងពីពាននេះបង្កើតឡើងមក ក្រុម Liverpool បានឈ្នះពាននេះច្រើនជាងគេ ដោយឈ្នះរហូតដល់ទៅ ១០ដង ចំណែកឯ Manchester City វិញឈ្នះ ៨ដង ដោយក្នុងនោះ៥ដងចុងក្រោយគឺឈ្នះក្រោយយុគសម័យដឹកនាំរបស់លោក Pep Guardiola នេះហើយ។

សម្រាប់ការប្រកួតក្នុងពានរង្វាន់ EFL Cup នេះជាបន្តគឺក្រុម Man City នឹងបន្តឡើងជុំទី៤ ជួបក្រុម Tottenham Hotspur ដែលបានទម្លាក់ក្រុមលីគទី២ Coventry City ២-១។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង