ក្លិបអង់គ្លេស Chelsea ត្រៀមខ្លួនចូលរួមប្រកួតប្រជែងជាមួយនឹងក្លិបអេស្ប៉ាញ Real Madrid ដើម្បីដណ្តើមយក ខ្សែការពារ Castello Lukeba របស់ក្លិបអាល្លឺម៉ង់ RB Leipzig ។
កីឡាករបារាំង ទើបតែបានចូលរួមជាមួយនឹងក្លិប RB Leipzig កាលពីរដូវកាលមុនប៉ុណ្ណោះដោយផ្ទេរពីក្លិបបារាំង Lyon។
Chelsea បានស៊ូទ្រាំនឹងរដូវកាលមិនល្អចំនួន ២ រដូវកាល ក្រោមការកាន់កាប់របស់ម្ចាស់ក្លិបថ្មី ប៉ុន្តែ ពួកគេបានរំពឹងថានឹងប្រកួតប្រជែងដណ្តើមពានរង្វាន់ធំៗ ដោយការចុះហត្ថលេខាលើកីឡាករដែលមានគុណភាព ដើម្បីជួយពួកគេអោយសម្រេចបាននូវមហិច្ឆតានេះ។
Castello Lukeba បានបង្ហាញពីគុណភាពរបស់ខ្លួនយ៉ាងគួរអោយចាប់អារម្មណ៍ ដោយកាលពី រដូវកាលមុន រូបគេបានបង្ហាញខ្លួន ៣២ប្រកួត នៅក្នុងជំនួបក្របខណ្ឌ Bundesliga ជាមួយក្លិប RB Leipzig។
កីឡាករវ័យ២១ឆ្នាំ មានគុណសម្បត្តិទាំងអស់ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកីឡាករលំដាប់កំពូលដោយមានការណែនាំត្រឹមត្រូវ។ ដូច្នេះការផ្លាស់ទៅកាន់ការប្រកួតនៅក្របខណ្ឌ Premier League នឹងក្លាយជាឱកាសដ៏ពិសេសមួយសម្រាប់ Castello Lukeba ហើយរូបគេនឹងសម្លឹងមើលការបង្ហាញពីខ្លួនឯងនៅកម្រិតខ្ពស់បំផុត។
សម្រាប់ក្លិប Chelsea វិញ បើទោះជាកំពុងមានការតស៊ូយ៉ាងលំបាកក៏ដោយ ប៉ុន្តែក្លិបនេះ នៅតែត្រូវបានចាត់ទុកជាក្លិបលំដាប់ខ្ពស់មួយ ហើយការចូលរួមជាមួយពួកគេ គឺជាឱកាសដែលកីឡាករជាច្រើនរំពឹងចង់បាន។
យ៉ាងណាក៏ដោយ ការចង់បាន Castello Lukeba របស់ Chelsea អាចនឹងជួបប្រទះបញ្ហាលំបាកផងដែរ ដោយកីឡាកររូបនេះ បានទទួលការចាប់អារម្មណ៍ពីក្លិប Real Madrid ដូចគ្នា។ ក្លិបអធិរាជស កំពុងសម្លឹងចង់បានកីឡាករដែលមានគុណផលយូរអង្វែងមកជំនួស David Alaba និង Antonio Rudiger ដែលចាប់ផ្តើមមានវ័យជ្រេទៅហើយ។
បច្ចុប្បន្នតម្លៃខ្លួនរបស់ Castello Lukebe គឺមានប្រហែលជា៦០លានផោន ខណៈដែលកុងត្រា របស់គេកំពុងមានរហូតដល់ឆ្នាំ២០២៨ ប៉ុន្តែគេជឿជាក់ថា ការដោះដូរផ្ទេរកីឡាកររូបនេះ ចេញ ពីក្លិបអាល្លឺម៉ង់នឹងអាចធ្វើឡើង នៅក្នុងខែមករាខាងមុខនេះជាមិនខាន៕