មានការរាយការណ៍ថា លោក Alex Ferguson ចង់បានអតីតគ្រូបង្វឹក Juventus លោក Massimiliano Allegri មកទទួលការងារជាគ្រូបង្វឹកថ្មីនៅ Man UTD ជំនួសតំណែងលោក Erik ten Hag ដែលកំពុងដឹកនាំក្រុមនាពេលបច្ចុប្បន្ន។
កៅអីរបស់លោក Erik ten Hag កាន់តែឡើងកម្តៅ បន្ទាប់ពីបុរសសញ្ជាតិហូឡង់រូបនេះដឹកនាំក្រុម Man UTD ទទួលលទ្ធផលមកសូវល្អនោះទេ។ ជាក់ស្តែង ការប្រកួត Premier League កាលពីសប្តាហ៍មុន Man UTD បានចាញ់យ៉ាងអាម៉ាសក្នុងទឹកដី Old Trafford ដោយចាញ់ Tottenham Hotspur តាមរយៈលទ្ធផល ៣-០ ហើយបន្តស្មើ Aston Villa ០-០ កាលពីពេលថ្មីៗនេះទៀត។
ឆ្លងកាត់៧ប្រកួត នៅក្នុងក្របខណ្ឌ Premier League ក្រុម Man UTD ទើបតែទទួល ៨ពិន្ទុ ឈរនៅលេខ១៤ ក្នុងតារាងពិន្ទុ។ ដោយសារលទ្ធផលមិនគាប់ប្រសើរនេះហើយ ទើបនាំអោយមានការជឿថា តំណែងរបស់លោក Erik ten Hag នឹងមិនអាចរក្សាបានយូរនោះទេ។
ជាមួយគ្នា មានបេក្ខភាពជាច្រើនត្រូវបានផ្សារភ្ជាប់ ក្នុងការទៅកាន់តំណែងនៅ Man UTD ជំនួសលោក Erik ten Hag ហើយក្នុងនោះដែរ ប្រភពពីសារពត៌មាន Daily mail បានអោយដឹងថា អតីតគ្រូបង្វឹកឆ្នើម Man UTD លោក Alex Ferguson ចង់បានអតីតគ្រូបង្វឹក Juventus លោក Massimiliano Allegri មកកាន់តំណែងជាបន្ត ដើម្បីស្រោចស្រង់ក្រុមឡើងវិញ។
លោក Allegri វ័យ ៥៧ឆ្នាំអាចនិងចាប់អារម្មណ៍ក្នុងការងារមួយនេះខណៈរូបលោកបច្ចុប្បន្នក៏គ្មានក្លិបដឹកនាំ ក្រោយចែកផ្លូវជាមួយ Juventus កាលពីចុងរដូវកាលមុន។ ក្រៅពីលោក Massimiliano Allegri ដែលត្រូវណែនាំដោយលោក Alex Ferguson ហើយនោះ ក៏មានការលើកឡើងជាច្រើនដែរថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ជាបេក្ខភាពនាំមុខក្នុងការចូលមកដឹកនាំបន្តប្រសិនក្លិបបញ្ចប់តំណែងលោក Erik ten Hag។
ទន្ទឹមនឹងនេះ គ្រូបង្វឹក Inter Milan លោក Simon Inzaghi និងលោក Thomas Tuchel អតីតគ្រូបង្វឹក Bayern Munich ដែលទំនេរគ្មានការងារធ្វើក៏ជាបេក្ខភាពឈានមុខផងដែរ។ ផ្ទុយទៅវិញ ជំនួយការគ្រូបង្វឹកទី១គឺ លោក Ruud van Nistelrooy ក៏ជាបេក្ខភាពមិនអាចមើលរំលងបានដែរ ព្រោះរូបលោកធ្លាប់មានប្រវត្តិដឹកនាំក្លិប PSV បើទោះបីជាទើបតែចូលមកជួយលោក Ten Hag នៅក្នុងខែកក្កដាឆ្នាំនេះ ប៉ុន្តែលោកជាបុគ្គលដែលទទួលបានការគាំទ្រច្រើនទាំងជំនាញដែលធ្លាប់ជាកីឡាករលេងអោយក្លិបនៅចន្លោះឆ្នាំ ២០០១ដល់២០០៦កន្លងមក៕