×

លោក Pep Guardiola កោតសរសើរខ្សែបម្រើ Mateo Kovacic ក្រោយស៊ុតអោយ Man City ឈ្នះ Fulham

គ្រូបង្វឹក លោក Pep Guardiola បានធ្វើការកោតសរសើរដល់ខ្សែបម្រើ Mateo Kovacic ដែលបានជួយស៊ុតបញ្ចូលទី អោយក្រុម Man City យកឈ្នះ Fulham ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ជាការពិត ក្នុងការប្រកួតលីគកំពូលអង់គ្លេស ដែលធ្វើឡើងនាកីឡដ្ឋាន Etihad នោះ Mateo Kovacic បានស៊ុតបញ្ចូលទី២គ្រាប់យ៉ាងល្អ ខណៈមិត្តរួមក្រុមសញ្ជាតិបែលហ្ស៊ីក Geremy Doku ក៏រកបាន១គ្រាប់ នាំអោយក្រុមម្ចាស់ផ្ទះមេឃខៀវ Man City វិលត្រលប់មករកជ័យជំនះវិញ ក្រោយទទួលលទ្ធផលស្មើគ្នា ២ប្រកួតជាប់គ្នារួចមក។

ក្រោយឈ្នះការប្រកួត គ្រូបង្វឹកលោក Pep Guardiola បាននិយាយដោយភាពរីករាយថា ការបំពេញកាតព្វកិច្ចរបស់ Kovacic គឺ ប្រៀបដូចជារបៀបលេងរបស់ Rodri បេះបិទតែម្តង។

សូមរំឮកថា ខ្សែបម្រើកណ្តាលដ៏មានឥទ្ធិពលគឺ Rodri Hernandez ដែលជាកីឡាករដ៏សំខាន់របស់ក្រុម Man City រងរបួសសរសៃពួរជង្គង់និងត្រូអវត្តមានរហូតដល់បញ្ចប់រដូវកាល ខណៈមជ្ឈដ្ឋាន និងគ្រូបង្វឹកបានចាត់ទុកតួនាទីរបស់កីឡាករអន្តរជាតិអេស្ប៉ាញគឺមិនអាចមានអ្នកមកជំនួសបាននោះទេ។

ទោះយ៉ាងណាក្រោយពី Rodri រងរបួសខ្សែបម្រើអន្តរជាតិក្រូអាតគឺ Kovacic បានលេងចាប់ដៃគូគ្នាជាមួយខ្សែបម្រើអាល្លឺម៉ង់ Ilkay Gundogan ដោយបានបំពេញតួនាទីយ៉ាងល្អដូចក្នុងការប្រកួត។

ទាក់ទិននឹងរឿងនេះ លោក Pep Guardiola បាននិយាយថា “ ខ្ញុំពេញចិត្តការលេងរបស់ Mateo Kovacic។ គេមានរបៀបលេងដូចជា Rodri ដែរ។ នេះប្រហែលជារូបគេបានមើលការលេងរបស់ Rodri។

យ៉ាងណា Kovacic ពិតជាធ្វើបានល្អ ដោយមានលក្ខណៈពិសេសផ្ទាល់ខ្លួន ហើយរូបគេនឹងក្លាយជាផ្នែកមួយដ៏សំខាន់របស់ក្រុម ។”

សូមបញ្ជាក់ថា ឆ្លងកាត់ ៧ប្រកួត ក្នុងក្របខណ្ឌ Premier League មកនេះ ក្រុម Man City មិនទាន់ចាញ់នោះទេ ដោយឈ្នះ ៥ ស្មើ២។ ពួកគេមាន១៧ពិន្ទុ និងឈរលេខ២ ក្នុងតារាងពិន្ទុ ខណៈ Liverpool បានឡើងឈរកំពូលតារាងវិញ មាន១៨ពិន្ទុ។

ការប្រកួតជាបន្តគឺ Man City នឹងត្រូវប្រកួតនៅទឹកដី Wolverhampton Wanderers នៅថ្ងៃទី ២០ខែតុលា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង