×

Liverpool សម្លឹងឃើញ ខ្សែការពារ Marc Guehi ទុកជំនួស Virgil Van Dijk

ក្លិប Liverpool បានសម្លឹងឃើញ ខ្សែការពារ Marc Guehi របស់ក្លិប Crystal Palace មកជាកីឡាករទុកជំនួសខ្សែការពារ Virgil Van Dijk ប្រសិនបើរូបគេត្រូវចាកចេញពីក្លិបឬត្រូវចូលនិវត្តនៅពេលខាងមុខ។

កីឡាករអង់គ្លេស បានបង្ហាញការលេងយ៉ាងល្អអោយ Crystal Palace ដោយមកទល់ពេលនេះ គេបានបង្ហាញខ្លួន ១២០ ប្រកួត និង ស៊ុតបញ្ចូលទីបាន៦គ្រាប់ផងដែរ។

Marc Guehi ត្រូវបានមើលឃើញថា ទោះជាមិនមានកាយសម្បទាខ្លាំងដូច Virgil Van Dijk ក្តីប៉ុន្តែពាក់ព័ន្ធទៅនឹងជំនាញ និងសមត្ថភាពការពារ គឺរូបគេត្រូវ បានគេមើលឃើញថា មានភាពលេចធ្លោខ្លាំង ជាងបេក្ខភាពដទៃ។

សម្រាប់ Virgil Van Dijk ដែលជាប្រធានក្រុម Liverpool វិញគឺ ពេលនេះរូបគេមានវ័យ៣៣ឆ្នាំទៅហើយនិង នៅសល់កុងត្រាត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ ដូច្នេះក្លិបដាច់ខាតត្រូវតែស្វែងរកកីឡាករមកជំនួស តំណែងរបស់គេអោយខានតែបាន។

Marc Guehi ចាប់ផ្តើមលេងនៅក្នុងក្របខណ្ឌ Premier League ដោយប្រកបអាជីពជាមួយក្លិប Chelsea ហើយបានបង្ហាញខ្លួនដំបូងតាំងតែពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានដាក់អោយលេងខ្ចីជើង ជាមួយនឹងក្លិប Swansea City មុនមកបំពេញភារកិច្ចអោយក្លិប Crystal Palace នៅឆ្នាំ២០២១។

កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ កីឡាករវ័យ២៤ឆ្នាំ រូបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិប Newcastle និងបានដាក់សំណើ ៧៥លានផោន ប៉ុន្តែសាមីកីឡាករបានបដិសេធ និង សម្រេចបន្តលេងនៅទឹកដី Selhurst Park ដដែល។

យ៉ាងណាមិញ ក្រោយទទួលបានការចាប់អារម្មណ៍ពី Liverpool នោះ Marc Guehi ត្រូវបានជឿថា នឹងអាចធ្វើការផ្លាស់ប្តូរគំនិតរបស់ខ្លួន ដោយការមកលេងអោយក្លិបដែលស្ថិតនៅតំបន់ Merseyside វិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង