×

កីឡដ្ឋានថ្មីរបស់ Man UTD នឹងជួយបង្កើនសេដ្ឋកិច្ចអង់គ្លេស ៧,៣ពាន់លានផោន

កីឡដ្ឋានថ្មី ដែលក្លិប Man UTD បានបង្ហាញគម្រោងសាងសង់ នឹងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស ៧,៣ពាន់លានផោន។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច Oxford Economics។

ជាការពិត ក្លិប Man UTD បានត្រៀមកសាងកីឡដ្ឋានថ្មីឈ្មោះថាកីឡដ្ឋាន Wembley of The North ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ១០ម៉ឺននាក់។ ក្លិប Man UTD បានចាត់តាំងក្រុមហ៊ុនមួយឈ្មោះថា Oxford Economics ជាក្រុមហ៊ុនប្រឹក្សាសកល ដើម្បីវាយតម្លៃផលចំណេញ និងផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ច របស់គម្រោងសាងសងកីឡដ្ឋានថ្មី ។ តាមការវាយតម្លៃ បង្ហាញថាវានឹងជួយជំរុញដល់សេដ្ឋកិច្ចប្រទេសអង់គ្លេស ប្រមាណ ៧,៣ពាន់លានផោន ដូចដែលក្លិប Man UTD ធ្លាប់បានអះអាងកន្លងទៅ។

គ្រោងការថ្មីរបស់ក្លិបបិសាចក្រហម នឹងជួយបង្កើតឱកាសការងារសម្រាប់ពលរដ្ឋដល់ទៅ ៩២,០០០កន្លែង និងផ្ទះរស់នៅថ្មីចំនួន ១៧,០០០កន្លែងផងដែរ។ សម្រាប់គ្រោងការអភិវឌ្ឍរយៈពេលវែងមួយនេះ លទ្ធផលពិសេសបំផុតគឺ កីឡដ្ឋានថ្មី និងការអភិវឌ្ឍតំបន់នោះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ពីតំបន់ទីក្រុង Manchester និងជុំវិញពិភពលោកទៅកម្សាន្ត ដែលក្រៅពីកីឡដ្ឋានដ៏ធំទំនើបហើយ នៅតំបន់ក្បែរៗនោះក៏នឹងមានការបង្កើន មជ្ឈមណ្ឌលផ្សារទំនើប និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈថ្មីៗថែមទៀត។

ក្លិប Man UTD ចាប់តាំងពីស្ថិតក្រោមការដឹកនាំរបស់សហម្ចាស់ក្លិបថ្មីជាមហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe បានបោះទុនភាគហ៊ុនប្រមាណ ២៧ភាគរយ ស្មើនឹង ១,៧ពាន់លានផោនចូលក្នុងក្លិប ដោយក្នុងនោះគំនិតផ្តួចផ្តើមសង់កីឡដ្ឋានថ្មី ក៏ត្រូវបានលោក Jim Ratcliffe ជាអ្នកលើកឡើងដូចគ្នាផងដែរ។

សម្រាប់កីឡដ្ឋានចាស់ Old Trafford ដែលមានអាយុកាល ១១៤ឆ្នាំ អាចនឹងត្រូវជួសជុលបន្ថយចំនួនផ្ទុកមនុស្សអោយមកនៅត្រឹម ៣ម៉ឺននាក់ សម្រាប់ធ្វើជាផ្ទះរបស់ក្រុមនារី និងក្រុមយុវជន ឬអាចនឹងត្រូវកម្ទេចចោលតែម្តង។

សូមបញ្ជាក់ថា កីឡដ្ឋាន Old Trafford បានដាក់អោយប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ ១៩១០ មក ដោយកីឡដ្ឋាន បានធ្វើការកែប្រែជួលជុលចំនួន១០លើករួចមកហើយ។ វាជាកីឡដ្ឋានដែលអាចផ្ទុកបាន ៧ម៉ឺន ៤ពាន់កៅអី និងជាកីឡដ្ឋានបាល់ទាត់ធំទី២ នៅអង់គ្លេស បន្ទាប់ពីកីឡដ្ឋាន Wembley ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង