×

ខ្សែការពារ Jarell Quansah បន្តកិច្ចសន្យាថ្មីយូរអង្វែងជាមួយ Liverpool

ខ្សែការពារ Jarell Quansah បានបន្តកិច្ចសន្យាថ្មីរយៈពេលយូរអង្វែងជាមួយក្លិប Liverpool ។ នេះបើតាមការផ្សព្វផ្សាយអោយដឹងពីសារពត៌មាន BBC។

កីឡាករអង់គ្លេស វ័យ២១ឆ្នាំ បានចូលហ្វឹកហាត់បាល់ទាត់ជាមួយក្លិបរហស្សនាមហង្សក្រហម តាំងតែពីរូបគេមានអាយុ៥ឆ្នាំមកម្ល៉េះ។ រូបគេត្រូវបានដំឡើងមកលេងអោយក្រុមឈុតធំ Liverpool កាលពីរដូវកាល ២០២៣-២៤ ដោយកាលណោះ គេបានបង្ហាញខ្លួន ៣៣ ដងគ្រប់ការប្រកួត និង ស៊ុតបញ្ចូលទីបាន៣គ្រាប់ផងដែរ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Liverpool លោក Arne Slot កីឡាករ Jarell Quansah ត្រូវបានជ្រើសរើសអោយចូលលេងបាន២ប្រកួតផងដែរ ដែលរួមការប្រកួតដែល Liverpool ឈ្នះ Ipswich ដោយលទ្ធផល ២-០ នៅក្នុងជំនួបបើកឆាកក្របខណ្ឌ Premier League 2024-25 និងការប្រកួតដែល Liverpool ឈ្នះ West Ham ដោយលទ្ធផល ៥-១ ក្នុងការប្រកួតជុំទី៣ ពានរង្វាន់ EFL Cup ផងដែរ។

ជុំវិញការទទួលបានកិច្ចសន្យាថ្មីនេះ សាមីកីឡាករ Jarell Quansah បានថ្លែងតាមគេហទំព័ររបស់ក្លិបថា “នេះជាពេលវេលាដ៏រីករាយបំផុតរបស់ខ្ញុំ។ ខ្ញុំគិតថារបៀបដែលគ្រូបង្វឹកថ្មីចូលមកដឹកនាំ ការបង្វឹករបស់គាត់ពិតជាផ្នែកដ៏ធំមួយនៃរឿងនោះ។ ខ្ញុំគិតថា ពេលនេះ Liverpool បានក្លាយជាក្លិបដ៏អស្ចារ្យសម្រាប់ខ្ញុំ ក្នុងការអភិវឌ្ឈខ្លួន និង ក្លាយជាកីឡាករដ៏ល្អបំផុតមួយរូប។”

ដោយឡែក ក្រៅពីការបន្តកុងត្រាថ្មី ដល់កីឡាករ Jarell Quansah ហើយ ក្លិប Liverpool ក៏កំពុងរៀបចំក្នុងការបន្តកិច្ចសន្យាថ្មីដល់ខ្សែការពារ Ibrahima Konate ខណៈកុងត្រាចាស់របស់គេនឹងផុតកំណត់នៅឆ្នាំ២០២៦។ បន្ថែមពីនេះ Liverpool ក៏កំពុងគិតគូរដល់ អនាគតរបស់ខ្សែការពារ Virgil van Dijk ដ្បិតរូបគេគឺជាកីឡាករមានសារៈសំខាន់បំផុតសម្រាប់ក្រុម ស្របពេលកីឡាករសញ្ជាតិហូឡង់រូបនេះខិតជិតដល់រយៈពេលប្រាំមួយខែចុងក្រោយនៃកិច្ចសន្យាចាស់ដែលមានស្រាប់របស់គេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង