ខ្សែប្រយុទ្ធ Jhon Duran បានបន្តកិច្ចសន្យាថ្មីជាមួយក្លិប Aston Villa ដែលធ្វើអោយរូបគេនឹងលេងនាកីឡដ្ឋាន Villa Park រហូតដល់ឆ្នាំ២០៣០។
កីឡាករជនជាតិកូឡុំប៊ី បានចាកចេញពីក្លិប Chicago Fire II នៅក្របខណ្ឌកំពូលអាមេរិក Major League Soccer មកចូលរួមជាមួយក្លិប Aston Villa នៃក្របខណ្ឌកំពូលអង់គ្លេស Premier League កាលពីខែមករា ឆ្នាំ២០២៣ ដោយមានតម្លៃផ្ទេរ ១៨លានផោន និងកិច្ចសន្យារយៈពេល៥ឆ្នាំ កន្លះ ពោលគឺដល់ឆ្នាំ ២០២៨។
កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ Jhon Duran កៀកទៅនឹងការផ្លាស់ចេញពី ក្លិបAston Villa ទៅហើយ ក្រោយពីរូបគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបរួមលីគ Chelsea និង West Ham United។
ទោះយ៉ាងណា កីឡាករវ័យ២០ឆ្នាំ បានសម្រេចចិត្តបន្តលេងជាមួយ ក្លិប Aston Villa តទៅទៀត ដោយរដូវកាលថ្មីនេះ គេបានបង្ហាញខ្លួន ១០ប្រកួតហើយ និង រកបានគ្រាប់បាល់៦គ្រាប់ផងដែរ ដែលក្នុងនោះរួមមានការស៊ុតបញ្ចូលទីដ៏ពិសេសដែល Aston Villa ឈ្នះ Bayern Munich ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីពេលកន្លងទៅផងដែរ។
ក្រៅពីនេះ Jhon Duran បានស៊ុតបញ្ចូលទីក្នុងការប្រកួតទល់នឹង West Ham, Leicester និង Everton ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះ។
ដោយសារគុណផលល្អជាបន្តបន្ទាប់បែបនេះហើយ ទើបក្លិប Aston Villa ចង់រក្សារូបគេអោយលេងជាមួយក្លិបអោយបានយូរអង្វែង តាមរយៈការផ្តល់កុងត្រាថ្មីនៅពេលនេះ។
Jhon Duran គឺជាកីឡាករទី២ដែលគ្រូបង្វឹក Aston Villa លោក Unai Emery បាននាំយកមករួមក្រុម ក្រោយការមកកាន់តំណែងរបស់លោកនៅតុលា ឆ្នាំ២០២២។
បើនិយាយពីការលេងសរុបរបស់ Jhon Duran ជាមួយ Aston Villa វិញ គឺមកទល់ពេលនេះ រូបគេ បានបង្ហាញខ្លួន ៥៩ដង និង ស៊ុតបាន១៤គ្រាប់ហើយ៕