
ខ្សែការពារ Manchester United កីឡាករ Harry Maguire បាននិយាយថា រូបគេនឹងត្រឡប់មកកាន់ទីលានវិញដោយភាពខ្លាំងក្លាជាងមុន ក្រោយពីរូបគេបានសម្រាកព្យាបាលរបួសអោយបានធូរស្រាល។
កីឡាករវ័យ៣១ឆ្នាំបានទទួលរងរបួស ក្នុងការប្រកួតក្របខណ្ឌ Premier League ដែល Manchester United ស្មើគ្នា ០-០ ទល់នឹងក្រុមម្ចាស់ផ្ទះ Aston Villa កាលពីចុងសប្តាហ៍កន្លងទៅ ។
Maguire ត្រូវបានប្តូរ ចេញ ពីទីលាន នៅនាទី៤៦នៃវគ្គទី២ មុនចាកចេញពីកីឡដ្ឋានកីឡដ្ឋាន Villa Park ដោយមានពាក់ឧបករណ៍ការពារជើង។
ក្រោយការពិនិត្យបង្ហាញថា Harry Maguire នឹងត្រូវសម្រាកព្យាបាលរបួសដោយប្រើពេលយ៉ាងហោចណាស់ ២ ទៅ ៣ សប្តាហ៍។
ពាក់ព័ន្ធនឹងការទទួលរងរបួសនេះ សាមីកីឡាករបានបង្ហាញពី ភាពខកចិត្ត ព្រោះតែវាបានបង្ហាក់រូបគេពីការបង្ហាញសមត្ថភាព ប៉ុន្តែ រូបគេក៏បានសន្យាថាខ្លួននឹងលេងដោយភាពខ្លាំងក្លាជាងមុន ក្រោយព្យាបាលរបួសរួចរាល់។
Harry Maguire បានបង្ហោះសារលើបណ្តាញសង្គម Instagram ថា “ ខ្ញុំមិនអស់ចិត្តទេ ដែលទទួលរងរបួសក្នុងការប្រកួតកាលពីចុងសប្តាហ៍មុន។ ខ្ញុំត្រូវសម្រាកជាច្រើនសប្តាហ៍មិនបានចូលទីលាន ប៉ុន្តែខ្ញុំនឹងអោយអ្នកគ្រប់គ្នា បានឃើញពីភាពខ្លាំងក្លារបស់ខ្ញុំ ពេលខ្ញុំចូលប្រកួតឡើងវិញ។”
ដោយសាររបួសនេះដែរ Harry Maguire មិនត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត UEFA Nations League ដែលអង់គ្លេសត្រូវប៉ះក្រិច និង ហ្វាំងឡង់ នៅក្នុងខែតុលានេះ។
Harry Maguire ដែលបានខកខានព្រឹត្តិការណ៍ UEFA Euro 2024 ព្រោះតែរបួសកំភួនជើង បានបង្ហាញខ្លួន អោយ Manchester United ៩ប្រកួតនៅរដូវកាលនេះ និងបានចូលរួមចំណែករកគ្រាប់បាល់ក្នុងការប្រកួតស្មើគ្នា ៣-៣ ទល់នឹង Porto ក្នុងការប្រកួតពានរង្វាន់ UEFA Europa League ផងដែរ។
ដោយឡែក Manchester United បច្ចុប្បន្ន កំពុងឈរលេខ១៤នៃតារាងពិន្ទុ ក្របខណ្ឌ Premier League ដោយមាន៨ពិន្ទុ។ ការប្រកួត Premier League ជាបន្តគឺ Manchester United នឹងត្រូវស្វាគមន៍ Brentford នៅថ្ងៃទី១៩ ខែតុលា ខាងមុខ៕