×

Newcastle ទំនងបង្ខំចិត្តលក់កីឡាករសំខាន់មួយរូបនៅទីផ្សារខែមករាខាងមុខ

ក្លិប Newcastle United ត្រូវបានរាយការណ៍មកថា ពួកគេទំនងត្រូវបង្ខំចិត្តលក់កីឡាករសំខាន់មួយរូបចេញ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នៅខែមករាខាងមុខនេះ។

ជាក់ស្តែង កីឡាករដែលក្លិបនៅលីគកំពូលអង់គ្លេសមួយនេះ ត្រូវបង្ខំលក់ចេញនោះ គឺ ខ្សែបម្រើ Sean Longstaff ។

កីឡាករវ័យ ២៦ឆ្នាំជាផ្នែកមួយដ៏សំខាន់ក្នុងក្រុមរបស់គ្រូបង្វឹកលោក Eddie Howe ដោយរូបគេបានបង្ហាញខ្លួន ១៨៩ ប្រកួត និង ស៊ុតបញ្ចូលទីបាន ១៦គ្រាប់អោយ ក្រុមសារិការព្រៃគិតមកទល់ពេលនេះ។

យ៉ាងណាមិញ វាហាក់បីដូចជា ពេលវេលានៃការបង្ហាញខ្លួនរបស់គេនៅទឹកដី St James’ Park ជិតដល់ទីបញ្ចប់ហើយ បន្ទាប់ពីសុពលភាពកិច្ចសន្យានៅសល់ប្រមាណ ៦ ខែទៀតប៉ុណ្ណោះ ខណៈភាគីទាំងសងខាង ក៏មិនបានឈានដល់កិច្ចព្រមព្រៀង បន្តកិច្ចសន្យាថ្មីនោះដែរ ។

ដូច្នេះដើម្បីជៀសវាងការបាត់បង់កីឡាករឆ្នើមរបស់ខ្លួនដោយមិនមានតម្លៃផ្ទេរ ក្លិប Newcastle United ក៏ត្រូវបង្ខំចិត្តលក់កីឡាករចេញនៅទីផ្សាររដូវរងា ។

Sean Longstaff ជាកីឡាករដុះដាលចេញពីថ្នាលយុវជន Newcastle United និងបានដំឡើងមកលេងក្រុមឈុតធំនៅក្នុងឆ្នាំ ២០១៦។

យោងតាមគុណផលរបស់ Sean Longstaff ក្លិប Newcastle United នឹងមិនពិបាកស្វែងរកក្លិបដែលចាប់អារម្មណ៍ចង់បានរូបគេនោះទេ ហើយការលក់កីឡាករអង់គ្លេសរូបនេះ អាចនឹងផ្តល់ផលចំណេញដល់ក្លិប ដើម្បីវិនិយោគ និង អភិវឌ្ឈន៍ក្រុមបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង