ក្លិប Man City ត្រូវបានជឿជាក់ថា កំពុងធ្វើការពិចារណា ក្នុងការចំណាយប្រមាណជា៦០លានអឺរ៉ូ ដើម្បីចរចានាំយកខ្សែបម្រើ Martín Zubimendi ពីក្លិបអេស្ប៉ាញ Real Sociedad។
ជាការពិត ក្លិបមេឃខៀវ នៅតែបន្តយុទ្ធនាការស្វែងរកកីឡាករដែលអាចជំនួសកន្លែងរបស់ ខ្សែបម្រើ Rodri ដែលអវត្តមានការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ ព្រោះតែរបួសដាច់សរសៃ ACL ជង្គង់ខាងស្តាំ។
Rodri ជាខ្សែបម្រើការពារល្អបំផុតក្នុងលោកនាពេលបច្ចុប្បន្ន និងជាបេក្ខភាពឈ្នះពាន Ballon d’Or ថែមទៀត។ អវត្តមានរបស់កីឡាករវ័យ២៨ឆ្នាំបានក្លាយជាផលប៉ះពាល់ដ៏ធំមួយសម្រាប់ Man City ដ្បិតរូបគេជាកីឡាករសំខាន់ក្នុងគម្រោងរបស់គ្រូបង្វឹក លោក Pep Guardiola ខណៈដែលក្រុមមេឃខៀវ មានមហិច្ឆតាយ៉ាងធំគឺការឈ្នះពានរង្វាន់ UEFA Champions League សាជាថ្មីនៅរដូវកាលនេះ។
កន្លងមក លោក Pep Guardiola បានធ្វើការសាកល្បងប្រើប្រាស់កីឡាករក្នុងក្រុមដែលមានស្រាប់ ដើម្បីបំពេញកន្លែងរបស់ Rodri ប៉ុន្តែវាហាក់បីដូចជា លទ្ធផលមិនអាចឈានដល់តម្រូវ ការរបស់គ្រូបង្វឹកវ័យ ៥៣ឆ្នាំ នោះទេ។ ដូច្នេះហើយ ដំណោះស្រាយរបស់លោក Pep Guardiola គឺការស្វែងរកកីឡាករថ្មី ហើយ Martín Zubimendi បានក្លាយជាគោលដៅចម្បង។
Martin Zubimendi បច្ចុប្បន្នកំពុងលេងអោយ Real Sociedad និងកំពុងទាក់ចិត្តក្លិប Liverpool យ៉ាងខ្លាំងប៉ុន្តែជឿជាក់ថា Man City នឹងមិនទុកអោយឳកាសនេះរំលងហួសទៅឡើយ។
កីឡាករអេស្ប៉ាញរូបនេះ លេងក្នុងតំណែងបម្រើការពារដែលជាតំណែងមួយ Man City កំពុងត្រូវការកម្លាំងបន្ថែមយ៉ាងខ្លាំងហើយចំពេលដែលកីឡាករផ្ទាល់ក៏មិនទាន់សម្រេចចិត្តបន្តកុងត្រាជាមួយនឹងក្លិប Real Sociedad នៅឡើយដែរក្នុងពេលដែលគេមានវ័យទើបតែ ២៥ ឆ្នាំនៅឡើយនោះ។
ថ្លៃផ្តាច់កុងត្រារបស់ Martin Zubimendi មានតម្លៃ ៦០លានអឺរ៉ូ ហើយ Man City ក៏នឹងត្រៀមចំណាយដើម្បីនាំយករូបគេមករួមក្រុមនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
ទន្ទឹមនឹងនេះ វាមានភាគរយខ្ពស់ដែល Martin Zubimendi អាចនឹងចាកចេញទៅរកទ្រនំថ្មី ដ្បិតក្លិប Real Sociedad មានលទ្ធផលមិនសូវល្អនោះទេ ក្នុងការប្រកួតនៅក្របខណ្ឌ La Liga ដោយឆ្លងកាត់ការប្រកួត ៩ដង កន្លងមក ពួកគេទទួលលទ្ធផល ឈ្នះ២ ស្មើ ៣ ចាញ់៤ ដោយមានតែ៩ពិន្ទុ និងកំពុងឈរលេខ១៥ ក្នុងតារាងពិន្ទុ៕