សារព័ត៌មាន Express នៅអង់គ្លេស បានធ្វើការសម្រង់សម្តីរបស់គ្រូបង្វឹក Man City លោក Pep Guardiola ថា លោកពិតជាមានការបារម្ភ សម្រាប់ការចាកចេញរបស់អ្នកចាំទី Ederson Moraes ដោយរូបគេជាកីឡាករដ៏សំខាន់ ហើយក្រុមពិតជាសំណាងដែលមានកីឡាកររូបនេះនៅក្នុងក្រុម។
ជាការពិត កីឡាករប្រេស៊ីល ដែលជាអ្នកចាំទីដៃទី១របស់ក្រុមមេឃខៀវ បានបញ្ចេញសមត្ថភាពជួយក្រុមយ៉ាងខ្លាំងក្លា និងបានរួមចំណែកឈ្នះពានរង្វាន់តូចធំជាច្រើនដូចជា ពានរង្វាន់ Premier League ៦ដង FA Cup ២ដង EFL Cup ៤ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដង។
ដោយសារគុណផលដ៏ល្អបែបនេះ Ederson Moraes បានទទួលការចាប់អារម្មណ៍ពីក្លិបនានាជាច្រើន។ គិតមកដល់់ពេលនេះមានក្លិប Paris Saint Germain និង ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតជាដើម កំពុងតែតាមចែចូវនាំយកកីឡាករវ័យ៣១ឆ្នាំ ពី Man City ប៉ុន្តែអ្វីៗហាក់មិនទាន់បានសម្រេចបើទោះជាក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត បានដាក់សំណើដោយផ្ដល់ថ្លៃពលកម្មយ៉ាងខ្ពស់ ក៏ដោយ។ យ៉ាងណា Ederson Moraes ក៏ហាក់មានការចាប់អារម្មណ៍ខ្លះៗដែរ បើទោះជាគេស្ថិតក្នុងជម្រើសដំបូងរបស់លោក Pep Guardiola រហូតមកក៏ដោយ។
បញ្ហានេះ លោក Pep Guardiola សង្ឃឹមថា Ederson នឹងនៅតែសប្បាយចិត្តនៅ Man City ដដែលប៉ុន្តែអនាគតមិនអាចប៉ាន់ស្មានបាននោះទេ បើទោះជាពេលនេះរូបគេនៅជាកីឡាកររបស់ Man City ក៏ដោយ ហើយក៏មិនអាចដឹងថា រូបគេចង់នៅបន្តឬក៏ចង់ចាកចេញនោះទេ។
នៅពេលត្រូវបានសួរនាំ អំពីការយល់ឃើញ បើសិនជា Ederson Moraes ត្រូវចាកចេញនោះ លោក Pep Guardiola បានឆ្លើយតបដូច្នេះថា “ ពិតណាស់ ខ្ញុំពិតជាមានការព្រួយបារម្ភ បើសិនជា Ederson Moraes ត្រូវចាកចេញ។ គេជាកីឡាករសំខាន់ក្នុងក្រុម ហើយខ្ញុំសង្ឃឹមថា គេអាចនៅរួមរស់ជាមួយក្រុមរយៈពេលយូរទៀត។”
គួរបញ្ជាក់ថាកុងត្រារបស់ Ederson Moraes នៅដល់ឆ្នាំ២០២៦ ខណៈអ្នកចាំទីដៃទី២របស់ Man City បច្ចុប្បន្ន Stefan Ortega មានវ័យ៣១ឆ្នាំទៅហើយ ដូច្នេះវាច្បាស់ណាស់ប្រសិនបើ Ederson ពិតជាចង់ចាកចេញ មែន Man City នឹងត្រូវស្វែងរកអ្នកចាំទីម្នាក់ទៀតមកជំនួសកន្លែងដ៏សំខាន់នេះ៕