
ខ្សែការពារ Axel Tuanzebe របស់ក្លិប Ipswich Town នៃក្របខណ្ឌ Premier League នឹងត្រូវអវត្តមានពីទីលានប្រកួតជាច្រើនសប្តាហ៍ ក្រោយជួបគ្រោះថ្នាក់ដ៏រន្ធត់ដាច់ម្រាមមេដៃអំឡុងពេលលាងចាននៅផ្ទះ។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន BBC នៅអង់គ្លេស។
កីឡាករជនជាតិកុងហ្គោ បានខកខានការប្រកួតដែល Ipswich Town ចាញ់ម្ចាស់ផ្ទះ West Ham United ដោយលទ្ធផល ៤-១ កាលពីចុងសប្តាហ៍មុន ដោយសារបញ្ហារបួសម្រាមដៃ ដែលត្រូវមិនបានបង្ហាញលម្អិតជាក់លាក់នោះទេ។
យ៉ាងណាមិញ គ្រូបង្វឹក Ipswich Town លោក Kieran McKenna បានបង្ហើបថា Axel Tuanzebe ត្រូវឆ្លងកាត់ការវះកាត់ព្យាបាល។
ក្លិប Ipswich បានប្រាប់ BBC ថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅផ្ទះរបស់កីឡាករវ័យ២៦ឆ្នាំផ្ទាល់ ហើយរូបគេបានវះកាត់ដោយទទួលជោគជ័យហើយ។
ហេតុការណ៍ដ៏រន្ធត់បានកើតឡើង បន្ទាប់ពីកែវមួយបានបែក ហើយអំបែងកែវមួយផ្នែកបានខ្ទាតបណ្តាលអោយមុតដាច់មេដៃយ៉ាងជ្រៅ បង្កអោយមានការបារម្ភថា កីឡាកររូបនេះប្រឈមនឹងការបាត់បង់ម្រាមមេដៃ។
ទោះយ៉ាងណា ការព្រួយបារម្ភ ត្រូវបានក្រុមគ្រូពេទ្យអះអាងមិនមានបញ្ហាធំដុំនោះទេ ដោយការវះកាត់ទទួលបានជោគជ័យ ប៉ុន្តែត្រូវការពេលសម្រាប់ជាសះស្បើយយូរ មុនពេលអតីតសមាជិក Manchester United រូបនេះ អាចវិលត្រឡប់ទៅទីលានប្រកួតវិញ។
របួសនេះ ក៏ប៉ះពាល់វត្តមានរបស់ Tuanzebe ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកុងហ្គោ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ក្នុងខែតុលានេះផងដែរ។
ដោយឡែក កីឡាករ Ben Johnson ជាអ្នកជំនួសកន្លែងលេងរបស់ Axel Tuanzebe ក្នុងការប្រកួត របស់ Ipswich Town។ ឆ្លងកាត់ការប្រកួត ៧ ប្រកួតនៃក្របខណ្ឌ Premier League 2024-25 Ipswich Town មិនទាន់ឈ្នះនោះទេ ដោយស្មើ៤ ចាញ់៣។ ពួកគេមាន តែ៤ពិន្ទុនិងកំពុងឈរលេខ១៧ក្នុងតារាងពិន្ទុនៅពេលនេះ៕