ខ្សែបម្រើ Jadon Sancho បាននិយាយថា រូបគេមិនចង់វិលត្រឡប់ទៅលេងអោយ Man UTD វិញទេ ក្រោយចប់កិច្ចសន្យាខ្ចីជើងជាមួយ Chelsea។
ជាការពិត ក្នុងកុងត្រាខ្ចីជើងមកកាន់ Chelsea កីឡាករអង់គ្លេស នឹងត្រូវត្រឡប់ទៅកាន់ទឹកដី Old Trafford វិញក្រោយពេលចប់កុងត្រា។ ទោះយ៉ាងណា ការទិញផ្តាច់ Jadon Sancho ពី Man UTD អាចនឹងកើតឡើង បើសិន Chelsea បញ្ចប់ក្នុងចំណាត់ចាប់ពីលេខ១៤ឡើងទៅ ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ នេះ ដោយតម្លៃទិញផ្តាច់កុងត្រាមានប្រមាណ ២៥លានផោន។
Jadon Sancho បានចាកចេញពី Borussia Dortmund មកចូលរួម Man UTD នៅឆ្នាំ២០២១ ប៉ុន្តែ ទាំង សាមីកីឡាករ និង ក្លិបបិសាចក្រហមមិនមានការអភិវឌ្ឈជាមួយគ្នាច្រើនឡើយ។ ដូច្នេះហើយ កីឡាករ វ័យ២៤ឆ្នាំ ត្រូវបានបញ្ចេញអោយ Borussia Dortmund ខ្ចីជើង កាលពីរដូវកាល ២០២៣-២៤ ហើយនៅរដូវកាល ២០២៤-២៥ នេះទៀតសោត រូបគេ ត្រូវបានមកលេងខ្ចីជើងនៅ Chelsea។ លេងនៅទឹកដី Stamford Bridge កីឡាករ Jadon Sancho មានឱកាសច្រើន និង ទទួលបានបរិយាសកាសធូរស្រាលសម្រាប់រូបគេ ដែលនាំអោយកីឡាកររូបនេះ ចង់បន្តលេងអោយក្លិបតោខៀវ នឹងមិនចង់វិលត្រឡប់ទៅកាន់ Man UTD វិញទេ ក្រោយចប់កិច្ចសន្យាខ្ចីជើងរួច។
ទាក់ទិននឹងរឿងនេះ Sancho បានឆ្លើយដោយគ្មានការលាក់លៀមថា “ទេខ្ញុំមិនចង់ទៅកាន់ Manchester United វិញនោះទេ ខ្ញុំចង់បន្តនៅ Chelsea ខ្ញុំចង់ក្លាយជាវីរបុរសរបស់ Chelsea។”
ដោយឡែក ក្រោយពេលបានឭកូនក្រុមខ្លួនឆ្លើយបែបនេះគ្រូបង្វឹក Chelsea លោក Enzo Maresca បាននិយាយថា “បើសិនមានរឿងដូច្នេះកើតឡើងមែនគឺពិតជាល្អ ខ្ញុំពិតជាស្រលាញ់នូវរបៀបលេងរបស់ Sancho ខ្លាំងណាស់ ហើយខ្ញុំបានធ្វើការប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងធ្វើរឿងនេះអោយកើតឡើងអោយបាន។”
លោក Enzo Maresca បានបន្ថែមថា “Jadon Sancho ជាកីឡាករម្នាក់ដែលគ្រប់គ្នានៅទីនេះត្រូវការ ក្លិប Chelsea កំពុងតែត្រូវការកីឡាករដែលមានជំនាញលេងស្លាបបានល្អដូចជារូបគេ បើនិយាយពីទំហំចិត្តចំពោះកីឡាករម្នាក់នេះគឺពិតជាសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ន។”
ដោយឡែក ការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ នេះ Chelsea ហាក់ដូចជា មានភាពល្អប្រសើរជាងឆ្នាំមុន ព្រោះតែពេលនេះពួកគេកំពុងតែស្ថិតក្នុងតំបន់ Top 4 ក្នុងការប្រកួត៧សប្ដាហ៍កន្លងមកនេះ៕