×

Chelsea និង Nottingham Forest ត្រូវផាកពិន័យករណីមិនអាចគ្រប់គ្រងកីឡាករខ្លួនបាន

ក្លិប Chelsea និង Nottingham Forest ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់អង់គ្លេស FA ករណីបរាជ័យលើការគ្រប់គ្រងកីឡាកររបស់ខ្លួនបាន។

ជាការពិត ក្នុងអំឡុងពេលការប្រកួតក្របខណ្ឌ Premier League 2024-25 កាលពីចុងសប្តាហ៍មុននៅកីឡដ្ឋាន Stamford Bridge មានការប៉ះទង្គិចគ្នាជាច្រើនដងពីសំណាក់ក្រុមកីឡាករទាំងសងខាង។

តួយ៉ាង ការប៉ះទង្គិចរវាងកីឡាករ Chelsea Nicolas Jackson និង កីឡាករ Nottingham Forest Morato បានកើតឡើងដោយគ្មានចំណាត់ការណាមួយដើម្បីទប់ស្កាត់ឡើយ ហើយនាំអោយកីឡាករក្រុមទាំងសងខាងឈានដល់ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ មុនពេលការប្រកួតបញ្ចប់ដោយលទ្ធផល ស្មើគ្នា ១-១។ ឧប្បត្តិហេតុពាក់ព័ន្ធនឹង Jackson និង Morato ត្រូវបានពិនិត្យដោយប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR នៅពេលនោះ។

ទាក់ទិននឹងរឿងនេះ FA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមាគមបានចោទប្រកាន់ថាក្លិបទាំងពីរបានបរាជ័យក្នុងការធានាថាកីឡាកររបស់ពួកគេមិនមានអាកប្បកិរិយាមិនសមរម្យ ឬបង្កហេតុនៅលើទីលាន។”

ទោះជារងការចោទប្រកាន់បែបនេះក្តី ក្លិបទាំងពីរនៅមានសិទ្ធ ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ដែលបានកើតឡើង។

សម្រាប់ការប៉ះទង្គិចគ្នា នៅពេលនោះកីឡាករចំនួន៨រូបត្រូវបានពិន័យកាតលឿង និង១រូបទៀត ត្រូវពិន័យកាតលឿង២ដងស្មើកាតក្រហម។

កីឡាករ Chelsea ដែលត្រូវពិន័យកាតលឿងមាន Moisés Caicedo, Cole Palmer, Marc Cucurella, Levi Colwill, Pedro Neto និង Wesley Fofana ។ រីឯ កីឡាករ Nottingham Forest ដែលត្រូវពិន័យកាតលឿងមាន Neco Williams, Matz Sels ហើយ James Ward-Prowse ជាកីឡាករដែលត្រូវពិន័យកាតលឿង២ដង។

សម្រាប់ការប៉ះទង្គិចគ្នានោះដែរ កីឡាករ Chelsea ទាំង៦រូប ត្រូវជៀសវាងការបង្កបញ្ហាសាជាថ្មី នៅក្នុងការប្រកួត បើមិនដូចនោះទេ ក្លិបតោខៀវនឹងត្រូវរងការផាកពិន័យជាស្វ័យប្រវត្តិ ប្រមាណ ៥ម៉ឺនផោន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង